ភ្នំពេញ៖ កាលពីពេលថ្មីៗនេះថា តារាសម្តែងជើងចាស់គឺ លោក មិន សារិន ហៅលោកតា ម៉ែន មានជំងឺជាច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ពេលនេះលោកតាខ្វះខាតត្រូវការថវិកាព្យាបាលជំងឺបន្ទាន់។

តាមប្រភពអ្នកសិល្បៈបានឱ្យដឹងបន្ថែមថា ឆ្នាំនេះលោកតា ម៉ែន មានវ័យ ៨២ ឆ្នាំហើយ សភាពរាងកាយរបស់លោកក៏មិនមាំទាំដូចមុនទៀតដែរ។ លោកតាម៉ែន រស់នៅដោយជីវភាពត្រដាបត្រដួស បានព្រឹកខ្វះល្ងាច នោះក៏ដោយសារតែ លោកលែងមានទីផ្សារសិល្បៈដូចមុន ពោលគឺយូរៗទើបមានការហៅឱ្យសម្ដែងម្ដង។ យ៉ាងណាមិញ មានការលើកឡើងបន្តទៀតថា លោកតា ម៉ែន មានជំងឺប្រចាំកាយច្រើនមុខ ហើយត្រូវចំណាយថ្លៃទិញថ្នាំដើម្បីព្យាបាលអស់ច្រើន ស្របពេលដែលលោកកំពុងតែខ្វះខាតខ្លាំងក្នុងជីវភាពរស់នៅសព្វថ្ងៃនេះ។

ជាមួយគ្នានោះដែរ គេក៏បានឃើញអ្នកសិល្បៈជាច្រើននាក់ បានបង្ហោះអំពាវនាវដល់សប្បុរសជនដែលមានទឹកចិត្តសណ្ដោស និងចង់ជួយដល់លោកតា ដោយគ្រាន់តែអាចយកថវិកាទៅជួយដល់លោកតាផ្ទាល់ក៏បាន ឬទាក់ទងតាមរយៈលេខគ្រួសារគាត់ផ្ទាល់ 0975151791 ឬ 012 622053 ។

លោក​អ៊ំ មិន សារិន ហៅ​លោកតា ម៉ែន គឺជា​តារា​ជើងចាស់​សល់​ពី​សង្គមចាស់​មួយរូបដែលចូលប្រឡូកសិល្បៈនៅឆ្នាំ ១៩៧៩ កន្លងមក​លោកតាធ្លាប់បាន​ចូលរួម​សម្តែង​ក្នុង​រឿង​ជាច្រើន ដូចជា​រឿង «​ចិត្ត​ចងចាំ​» ក្រោម​ស្នាដៃ​ដឹកនាំ​របស់ លោក ម៉ៅ អាយុទ្ធ រឿង «​ទុក្ខ​ស្រី​ប្តី​ព្រាត់​» របស់លោក សោម ដូ​រិន្ទ រឿង «​ម្ជុល​បាតសមុទ្រ​» របស់ ភូមិ​ពេជ្រ ភាពយន្ត រឿង «​ដងរែក​» បែប​អប់រំ​របស់​ព្រះ​តេជគុណ គូ សុភាព មានថតខារ៉ាអូខេ ស​ម្ដែងសិល្បៈបុរាណយីកេ និងថតស្បតពាណិជ្ជកម្មអប់រំជាច្រើន​ទៀត​។ សព្វថ្ងៃនេះ លោកមានស្មារតីភ្លេចភ្លាំងច្រើន ៕