កូរ៉េខាងត្បូង៖ នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍បន្ថែមទាក់ទងនឹងគ្រោះទឹកជំនន់នៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំងក្លា ដែលបានជន់លិចទីក្រុងសេអ៊ូល និងតំបន់មួយចំនួន បន្ទាប់ពីមានព្យុះភ្លៀងកាលពីយប់មិញ លើសពីនោះគ្រោះទឹកជំនន់ដ៏កាចសាហាវនេះបានលេបត្របាក់សម្បត្តិជាច្រើន ជាពិសេសបានសម្លាប់មនុស្សចំនួន​៧នាក់ និង មនុស្ស៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។

ទាក់ទងហេតុការណ៍គ្រោះទឹកជំនន់ខាងលើត្រូវបានអាជ្ញាធរក្នុងទីក្រុងសេអ៊ូលបានឱ្យដឹងថា មាន​ព្យុះភ្លៀងយ៉ាងខ្លាំងបានធ្លាក់មកយ៉ាងជោកជាំ​កាលពីយប់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ដែលបានបណ្ដាលឱ្យកម្ពស់ទឹកបានឡើងខ្ពស់ជាខ្លាំង ដោយនៅក្នុងទីក្រុងសេអ៊ូលផ្ទាល់មានភ្លៀងធ្លាក់ ៩០.៥ មីលីម៉ែត្រ ​និងតំបន់មួយចំនួនទៀតនៅជំវិញនោះផងដែរ។

បញ្ហាគ្រោះទឹកជំនន់ភ្លាមៗនេះបានបំផ្លាញនូវទ្រព្យសម្បត្តិប្រជាជន និងសម្បត្តិសាធារណៈ​អស់ជាច្រើន មិនតែប៉ុណ្ណោះស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួនរងការជ​ន់លិចមិនអាចដំណើរការ​ រហូតអាជ្ញាធរបានចេញសេចក្ដីប្រកាស ក៏ដូចជាបានជម្លៀសខ្លួនប្រជាពលរដ្ឋចំនួន ១៦៣នាក់ នៅតំបន់រងគ្រោះ និងតំបន់ព្រៃឈើ ក៏ដូចជាតំបន់ទំនាបដើម្បីរកទីទួលមានសុវត្តិភាព។

យ៉ាងណាមិញក៏មានការបញ្ជាក់បន្ថែមពីសារព័ត៌មាន Yonhap បានឱ្យដឹងថាក្នុងហេតុការណ៍ទឹកជំនន់ដ៏អាក្រក់នេះបានឆក់យកជីវិតមនុស្សអស់ចំនួន៧នាក់ និងបាត់ខ្លួនចំនួន៦នាក់ផ្សេងទៀត ក្នុងនោះមានអ្នកបាត់បង់ជីវិតចំនួន៤នាក់នៅក្នុងក្រុងសេអ៊ូល និង ២នាក់ទៀតស្លាប់នៅក្នុងខេត្ត Gyeonggi៕