ប្រទេសថៃ៖ ​នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ ​មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាប៉ូលិសប្រចាំក្នុងខេត្ត Ratchaburi នៃប្រទេសថៃបានបន្លំខ្លួន ជាព្រះសង្ឃ ក្នុងគោលដើម្បីតាមចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន និងមេជួញដូរគ្រឿងញៀន ដ៏ល្បីប្រចាំនៅក្នុងតំបន់។

ទាក់ទងនឹងករណីខាងលើត្រូវបានគេឱ្យដឹងថា ​លោកវរសេនីយ៍ទោ Piyapong Wongketjai អធិការនគរបាល Ban Pong ខេត្ត Ratchaburi នៃប្រទេសថៃ បានបង្ហើបអំពីហេតុការណ៍ដែលបានបំពេញកាតព្វកិច្ច ជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ ដោយលោកបានបន្លំខ្លួនស្លៀកពាក់ជាព្រះសង្ឃក្នុងគោលបំណងដើម្បីតាមចាប់អ្នកជួញដូរគ្រឿងញៀនដ៏មានឥទ្ធិព​លម្នាក់នៅក្នុងខេត្ត នៅចំណុចមុខហាងមួយកន្លែង។

ក្នុងការចុះប្រតិបិត្តការមួយនេះលោកវរសេនីយ៍ទោ Piyapong Wongketjai បានបន្តថាការបន្លំខ្លួនបែបនេះដើម្បីមានភាពងាយស្រួល និងធ្វើឱ្យមុខសញ្ញាមិនចាប់អារម្មណ៍ ទើបលោកបានចូលទៅក្នុងវត្តមួយកន្លែងរួចក៏ខ្ចីស្បងជីពរនោះមកពាក់ រួចក៏មកអង្គុយមុខហាងដែលជាកន្លែងមុខសញ្ញា នៅពីក្រោយផ្ទាំងប៉ាណូ។

ទន្ទឹមនឹងនោះផងដែរមួយសន្ទុះក្រោយមកក៏មាន បុរសពីរនាក់ជិះម៉ូតូស្របគ្នា ឈប់មុខហាង  ភ្លាមនោះលោកបានឃាត់ខ្លួនបុរសទាំងពីរនោះ រួចក៏បានបង្ហាញកាតជាមន្ត្រីប៉ូលិស និងធ្វើការឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនមួយចំនួន រួចក៏បានហៅកម្លាំងបន្ថែមមកធ្វើការចាប់ខ្លួនជនល្មើសទាំងពីរ។

ជនសង្ស័យទាំង២ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ អ៊ិត ធីផុន ភេទប្រុសអាយុ ២៩ឆ្នាំ និង អោប សុនធីស័ក្តិ ភេទប្រុស អាយុ ៣១ឆ្នាំ។ ក្រោយពីចាប់ខ្លួនអ្នកទាំងពីត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរបន្ថែម និងរៀបចំសំណុំរឿងទៅតាមផ្លូវច្បាប់បន្ត៕ ប្រភព៖ Khaosod