ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍នៃស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានការគាំទ្រលើបច្ចេកទេស និងទីផ្សារនៃការផលិតបន្លែសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

លោកស្រី ថៃ សូដា អនុប្រធានសហគមន៍កសិកម្មសុវត្ថិភាពដែលបច្ចុប្បន្នមានសមាជិកចំនួន៦៧គ្រួសារ និងជាអ្នកសម្របសម្រួលទីផ្សាររបស់សហគមន៍នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បានឱ្យដឹងថា ការដាំបន្លែសុវត្ថិភាពក្នុងសហគមន៍របស់ខ្លួន ទទួល ការគាំទ្រតាំងពីបច្ចេកទេសផលិត រហូតដល់ការប្រមូលផល និងវេចខ្ចប់ ដែលធានាថា មិនប្រើប្រាស់ជីគីមី ឬសារធាតុគីមីនាំទៅដល់ផលប៉ះ ពាល់សុខភាពរបស់អ្នកបរិភោគនោះឡើយ។ ពោលគឺ ការដាំដុះត្រូវគោរពនូវគោល ការណ៍ដោយប្រើប្រាស់តែជីធម្មជាតិ ឬជីកំប៉ុស្តិ៍ ដើម្បីការលូតលាស់របស់បន្លែតែប៉ុណ្ណោះ។ ស្ថិតក្នុងសម្លៀកបំពាក់នៃអាវយឺតដៃខ្លីពណ៌ខៀវ ដែលសរសេរពីក្រោយខ្នងថា «គម្រោងការអភិវឌ្ឍកសិកម្មនិរន្តរភាពសម្រាប់គ្រួសារក្រីក្រនៅខេត្តសៀមរាប» លោកស្រី ថៃ សូដា បានប្រាប់អ្នកសារព័ត៌មានដោយភាពជឿជាក់ថា ការដាំបន្លែនៅក្នុងសហគមន៍របស់ខ្លួនមានលក្ខណៈវិលជុំពេញ១ឆ្នាំ និងធានាការផ្គត់ផ្គង់ទៅកាន់ទីផ្សារដែលមានកិច្ចសន្យាជាមួយគ្នា ក្នុង១ខែៗ ជាមធ្យម៩៥០គីឡូក្រាម ក្នុងចំណោមផ្ទៃដីដាំដុះសរុបទំហំ៥ហិកតា។ ដោយការដាំ ដុះមានទាំងនៅលើដីទីទួលផ្ទាល់ និងលើកជារានធ្នើរដើម្បីដាំដុះ ព្រមទាំងមានស្បៃគ្របបិទបាំង ដើម្បីការពារមិនឱ្យត្រូវពន្លឺថ្ងៃ ឬទឹកភ្លៀងខ្លាំង ពេក និងការបំផ្លាញពីពពួក សត្វល្អិតចង្រៃផ្សេងៗ។ លោកស្រី បន្តថា បន្លែដែលដាំបាន គឺមានសហគមន៍ជាអ្នកប្រមូលទិញពីសមាជិក ដើម្បីចែកចាយទៅកាន់ទីផ្សារដែលមានកិច្ចសន្យាជាមួយមានដូចជា៖ ផ្សារសហគមន៍ខ្មែរក្នុងរាជធានីភ្នំពេញ ផ្សារកសិករ និងផ្សារសហគមន៍ផ្សេងៗទៀត។លោកស្រី ថៃ សូដា បញ្ជាក់ថា ក្នុងមួយខែៗ ពលរដ្ឋក្នុងមួយគ្រួសារអាចរកចំណូលបានពីការលក់បន្លែសុវត្ថិភាពជាមធ្បម៦០ម៉ឺនរៀល និងគ្រួសារខ្លះទៀត អាចហក់ដល់ជាង១លានរៀល។ បើតាមឱ្យដឹងរបស់លោក ឈួន ហាន់ ដែលជាអ្នកប្រមូលទិញបន្លែក្នុងសហគមន៍ខាងលើ បានបញ្ជាក់ថា បន្លែសុវត្ថិភាពដែលប្រមូលទិញពីកសិករមានដូចជាសាឡាត់ ស្ពៃ ជីស្លឹក តាសក់ ត្រប់ ជាដើមនេះ ត្រូវបានបោះបន្តទៅកាន់ផ្សារដំដែក មុនចែកចាយទៅកាន់គោលដៅផ្សារផ្សេងៗ។ លោកលើកទឹកចិត្តដល់កសិករផ្សេង ទៀតចូលរួមជាមួយសហគម ន៍កសិកម្មសុវត្ថិភាព ដើម្បីបង្កើនសមាជិក និងពង្រីកផ្ទៃដីបង្កបង្កើនផលឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់ មានប្រាក់ ចំណូលទ្រទ្រង់ជីវភាព និងចៀសផុតពីការធ្វើចំណាក ស្រុកទៅរកការងារនៅក្រៅស្រុក។ សហគមន៍កសិកម្មសុវត្ថិភាពនៃស្រុកសូទ្រនិគម ត្រូវបានផ្តួចផ្តើម និងទទួល ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត សៀមរាប អង្គការGRET នៃគម្រោងពីសហគមន៍អឺរ៉ុប និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍនជនបទកម្ពុជា ហៅកាត់ CIRD ដើម្បីជួយលើក កម្ពស់កសិកម្មធម្មជាតិ និងលើកស្ទួយកម្រិតជីវភាពកសិករនៅមូលដ្ឋានឱ្យងើប ឡើងពីភាពក្រីក្រ ធានាសន្តិ សុខស្បៀង ការចូលរួមលើក កម្ពស់អាហារូបត្ថម្ភ និងកាត់ បន្ថយការចំណាកស្រុក។ ក្រុមគម្រោងរបស់អង្គការ GRET តែងបានចុះបណ្តុះ បណ្តាលកសិករពីការផលិតជីកំប៉ុស្តិ៍ សម្រាប់ស្រោចស្រពដំណាំសុវត្ថិភាព និងសរីរាង្គ នៅស្រុកសូត្រនិគម ខេត្ត សៀមរាប និងជួយប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ស្វែង យល់ពីគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុគីមី៕

ប្រភព: ក្រសួងព័ត៌មាន