ទីក្រុងតៃប៉ិ៖ ដោយសារតែចិនកំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំ ចំនួន៦កន្លែង មិនធ្លាប់មានពីមុន ដោយឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ុន្ដែក្រសួងការពារជាតិដែនកោះមួយនេះ បានអះអាងថា ក្រុងតៃប៉ិ មិនចង់បង្កើនជម្លោះនោះទេ ប៉ុន្ដែតៃវ៉ាន់ នៅតែប្ដេជ្ញាការពារសេរីភាព លទ្ធិប្រជាធិបតេយ្យ សន្ដិសុខ និង ស្ថិរភាពរបស់ខ្លួន។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៥ ខែសីហា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា «យើងមិនបង្កើននូវជម្លោះ ប៉ុន្ដែយើងការពារសេរីភាព ប្រជាធិបតេយ្យ ស្ថិរភាព និង សន្ដិសុខ នៅជុំវិញតំបន់របស់យើង។ កងកម្លាំងរបស់យើង កំពុងប្រុងជើងការ និង តាមដានយ៉ាងដិតដល់នូវសមយុទ្ធយោធារបស់ចិន»។

ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ថា តៃវ៉ាន់ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការត្រៀមខ្លួនធ្វើសង្រ្គាម ប្រឆាំងនឹងការឈ្លានពាន។ ប៉ុន្តែតៃវ៉ាន់ នឹងមិនស្វែងរកការបង្កសង្រ្គាមទេ និង មិនធ្វើអាកប្បកិរិយា បង្កភាពតានតឹង ឬជម្លោះនោះឡើយ។ តៃវ៉ាន់ បានធ្វើសមយុទ្ធការពារជនស៊ីវិល នៅក្នុងករណីមានសង្គ្រាម និងបានរៀបចំកន្លែងការពារខ្លួន បញ្ចៀសពីការវាយប្រហារតាមផ្លូវអាកាស នៅទូទាំងដែនកោះមួយនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា អាកប្បកិរិយាមិនសមហេតុផលរបស់យោធាចិន កំពុងតែមានគោលបំណង ផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន រំខានដល់សន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់។ ប៉ុន្ដែកងទ័ពតៃវ៉ាន់ នឹងរក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ពន្ធមិត្ត នៅក្នុងតំបន់ ហើយពង្រឹងនូវការសម្របសម្រួល សម្រាប់ទប់ស្កាត់នូវការឡើងកម្តៅ នាពេលនេះ៕