រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះដែលជ្រកក្រោមផលិតកម្ម រស្មីហង្សមាស គឺកញ្ញា វី ឌីណែត បានទម្លាយពីស្ថានភាពជំងឺរបស់ខ្លួន ដែលត្រូវលេបថ្នាំអស់មួយជីវិត ខណៈដំណឹងមួយនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងសម្ដែងក្ដីអាណិតអាសូរកញ្ញាជាខ្លាំង។
យ៉ាងណាមិញ តារាចម្រៀងស្រី កញ្ញា វី ឌីណែត បានប្រកាសប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនអោយមហាជនអ្នកគាំទ្របានដឹងតាមរយៈបទសម្ភាសន៍មួយថា «ក្រោយអ្នកម្តាយជាទីគោរពស្រលាញ់របស់ខ្លួនទទួលមរណភាពទៅដោយសារជំងឺកូវីដ១៩ នាងក៏ធ្លាក់ខ្លួនមានជំងឺប្រចាំខ្លួនម្យ៉ាងដែលត្រូវលេបថ្នាំអស់មួយជីវិត គឺជំងឺ ពក.ក ទៀតផង»។
តារាស្រីរូបនេះ បានផ្ដល់បទសម្ភាសន៍បន្តថា «បើទោះបីជាខ្លួនត្រូវវះកាត់ហើយក៏ដោយ កញ្ញានៅតែត្រូវបន្តលេបថ្នាំដដែល រហូតអស់មួយជីវិតផងដែរ ហើយសព្វថ្ងៃនេះ កញ្ញាគឺជាអ្នកចម្រៀង ប្រសិនបើកញ្ញា ហ៊ានតែវះកាត់នោះ កញ្ញាអាចប្រឈមមុខនឹងការបាត់បង់សំឡេងរបស់ខ្លួន រហូតដល់ទៅ៥០ភាគរយ ឬលើសនេះទៅទៀត ដែលវាជាកត្តាសំខាន់បំផុតសម្រាប់អាជីពរបស់ខ្លួន»។
តារាស្រីរូបនេះបានបន្តប្រាប់ពីអាការៈជំងឺរបស់ខ្លួន ដោយលើកឡើងថា «ជំងឺប្រភេទនេះ វាមានអាការៈដូចជា ប្រឈមនឹងការឆាប់ហត់ជាខ្លាំង ឆាប់ញ័រដៃជើង ហើយប្រសិនបើមានសារធាតុពុលណាមួយឡើងខ្លាំង នាងអាចនឹងធ្វើទុក្ខដល់បេះដូងទៀតផង»។
កញ្ញា វី ឌីណែត បានបន្តប្រាប់ពីបញ្ហាធំបំផុត ដែលអាចបង្កឱ្យឈានដល់ការបាត់មុខពីវិស្ស័យសិល្បៈដែលជាឆ្នាំងបាយ និងជីវិតរស់នៅប្រៀបដូចជា មុខរបរដ៏ធំធេងរបស់ខ្លួនថា « ប្រសិនបើកញ្ញាមានដុះដុំសាច់នោះ វាអាចសង្កត់សរសៃភ្នែកបាន ដែលបណ្ដាលអោយភ្នែករបស់នាងលានចេញមកធំជាងមុន ប៉ុន្តែក៏សំណាងល្អដែរ ដែលនាងបានធ្វើការត្រួតពិនិត្យដឹងមុនទាន់ពេលវេលា ដែលមិនទាន់ដល់ដំណាក់កាលត្រូវវះនោះឡើយ» ។
តារាចម្រៀងស្រី វី ឌីណែត បានលើកឡើងថា «នេះជាកត្តា និងបញ្ហាធំបំផុតសម្រាប់ជីវិតរស់នៅរបស់ខ្លួន ដែលធ្វើអោយនាងពិបាកចិត្ត និងស្មុគស្មាញជាខ្លាំង ព្រោះខ្លួនជាអ្នកចម្រៀងអាជីពមួយរូប ប្រសិនបើបាត់បង់សំឡេងរហូតដល់ទៅ៥០% និងប្រឈមបញ្ហាដូចជាបានរៀបរាប់ខាងលើនោះ ប្រៀបបីដូចជាខ្លួនត្រូវបាត់បង់ឆ្នាំងបាយដែលជាជីវិតប្រចាំថ្ងៃអញ្ចឹងដែរ»។
សូមរំលឹក និងជម្រាបជូនមហាជនអោយបានដឹង និងជ្រាប់ថា «កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ជាថ្ងៃដែលតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស និងជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់លោក ហួ ឡាវី គឺកញ្ញា វី ឌីណែត ទទួលរងនូវទុក្ខធំបំផុត ដែលមិនអាចបំភ្លេចបាន ដោយកញ្ញាត្រូវបានបាត់បង់អ្នកម្តាយជាទីគោរពស្រលាញ់ទៅគ្មានថ្ងៃវិលត្រឡប់ ដោយម្ដាយតារាស្រីរូបនេះ បានកើតជំងឺកូវីដ១៩ ដោយគ្រានោះធ្វើអោយនាងនិងគ្រួសារទទួលយកសឹងតែមិនបានឡើយ ព្រោះវាពិតជាលឿនខ្លាំងមែនទែន ដែលគ្រប់គ្នាមិននឹកស្មានដល់ទាល់តែសោះ ៕