រាជធានីភ្នំពេញ៖ ពិតណាស់មហាជនច្បាស់ជាបានស្គាល់ជាមួយនឹងតារាចម្រៀងរ៉េបលោក នេនទុំ ដែលមានប្រជាប្រិយភាពជាខ្លាំង តែស្រាប់តែកាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏មានវោហារសព្ទរូបនេះត្រូវបានមហាជនខ្មែរជាច្រើនបានធ្វើការរិះគន់ចំៗ និងយ៉ាងចាស់ដៃទៅលើស្នាមសាក់នៅលើកំភួនជើងរបស់លោកដែលជារូបព្រះព្រហ្មមុខបួនដ៏មានតម្លៃរបស់ជាតិខ្មែរ។

ទាក់ទងនឹងការវាយប្រហារ និងការរិះគន់របស់បងប្អូនខ្មែរជាច្រើននាក់ដែលគោរពស្រឡាញ់នូវសម្បត្តិវប្បធម៌ដ៏រុងរឿងមួយនេះ ក្រោយពីតារាចម្រៀងលោកនេនទុំបានធ្វើការបង្ហោះសារចូលទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនអមជាមួយនឹងរូបថតរបស់លោកបីសន្លឹកដែលបានបង្ហាញពីស្នាមសាក់នៅលើជើង តែអ្វីដែលធ្វើឱ្យមហាជនខ្មែរជាច្រើនមានការខឹងសម្បា នោះគឺជាការយករូបប្រាសាទព្រហ្មមុខបួនមកសាក់លើកំភួនជើងទៅវិញ ព្រមទាំងបានសរសេរថា “ហ៊ានណាស់ខ្ញុំ  ដេកឲ្យគេចាក់ជើងរហូតដល់២១ម៉ោង  (២ថ្ងៃ  )  លុយក៍អស់ ព្រោះ អ្វី?”

ជាមួយគ្នានោះ លោកធ្វើការបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែមានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ទាក់ទងនឹងការហ៊ានយករូបព្រះព្រហ្មមុខបួនមកចាក់សាក់លើជើង ដែលហាក់ដូចជាមិនផ្ដល់តម្លៃ និងប្រមាថដល់វប្បធម៌ ឬជាទង្វើដែលមិនត្រឹមត្រូវសម្រាប់ប្រជាជនខ្មែរទាំងមូល។

ទោះជាយ៉ាងណាការរិះគន់ទាំងអស់នេះ លោកនេន ទុំក៏មិនទាន់បានចេញមកប្រតិកម្ម ឬក៏ចេញមកបកស្រាយណាមួយនោះទេមកទល់ពេលនេះ មានតែរងចាំតាមដានបន្ត៕