ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​រិះគន់​មន្ត្រីមន្ទីរព័ត៌មាន​ថ្នាក់ខេត្ត​ចំៗ ដែលមិន​យកចិត្តទុកដាក់​ក្នុងការផ្សព្វផ្សាយ​ផលិត​ផលដែល​តាំងពិព័រណ៌ តែបែរគិត​តែ​ថត និងបញ្ជូន​សកម្ម​ភាព​ថ្នាក់​ដឹកនាំខេត្តទៅវិញ។

«ចង់និយាយរឿងមួយ!» លោក ខៀវ កាញារីទ្ធ បានផ្តើម​សេចក្តីយ៉ាងដូច្នេះនៅ​លើ​សំណេរហ្វេសប៊ុក​របស់ខ្លួន កាលពី​ថ្ងៃទី​៤ ខែ​សីហា ដោយលោក​បាន​រៀបរាប់ថា លោក​បាន​ដើរមើលពិព័រណ៌​ផលិផល​ខ្មែរ ដែល​ក្រសួងពាណិជ្ជកម្ម​រៀបចំ​នៅ​ក្នុងសណ្ឋាគារ​សុខា នាអំឡុង​នៃកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន។

ក្រោយ​រដ្ឋមន្ត្រី​ប្រជុំ កាលពីថ្ងៃទី៣ ខែសីហា លោក​សង្កេតឃើញ ផលិត​ផល​ច្រើន​ដែលត្រូវបាន​ដាក់តាំងបង្ហាញ ហើយមួយចំនួន​ធំ​មកពីតាម​បណ្តា​ខេត្ត។ «ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន»។

លោក ខៀវកាញារីទ្ធ បាន​ស្នើ​ថា «ផ្នត់គំនិតនេះ ល្មមដូរហើយ ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !»៕