ទីក្រុងតៃប៉ិ៖ ភាពតានតឹង កំពុងតែកើនឡើង នៅច្រកសមុទ្រតៃវ៉ាន់ ខណៈចិនកំពុងតែធ្វើសមយុទ្ធយោធាដ៏ធំបំផុត មិនធ្លាប់មានពីមុនមក ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកបំពេញទស្សនិច្ច នៅលើដែនកោះគ្រប់គ្រង ដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ ហើយសកម្មភាពយោធារបស់ក្រុងប៉េកាំង ក៏កំពុងតែទាក់ទាញពិភពលោក ឲ្យផ្ដោតអារម្មណ៍មកកាន់តំបន់នេះយ៉ាងខ្លាំង ដោយមានការលើកឡើងជាសំណួរយ៉ាងច្រើន ថា តើចិនកំពុងតែរៀបចំផែនការ វាយលុកចូលកាន់កាប់តៃវ៉ាន់ ដូចអ្វីដែលរុស្ស៊ី បានចូលទៅលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែនដែរឬយ៉ាងណា?

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ថា ចិនបានធ្វើសមយុទ្ធយោធាដ៏ធំ មិនធ្លាប់មានពីមុនមក ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយមានទាំងការបាញ់មីស៊ីលបាលីស្ទិក រាប់សិបគ្រាប់ និង ដាក់ពង្រាយនូវយន្ដហោះប្រយុទ្ធ និង នាវាចម្បាំងរាប់សិបគ្រឿងបន្ថែមទៀត។ សកម្មភាពយោធារបស់ក្រុងប៉េកាំង ក៏ជាការឆ្លើយតប ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផែឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក មកកាន់ដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

ក្រុងប៉េកាំង បានហៅដំណើរទស្សនកិច្ចរបស់អ្នកនយោបាយកំពូលរបស់សហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួនថា ជា«ការបង្កហេតុដ៏គ្រោះថ្នាក់ ដោយមិនមានការប្រុងប្រយ័ត្ន និង គ្មានការទទួលខុសត្រូវ» ពីសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ ក្រុងប៉េកាំង បានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ចិន បានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងបន្ដ រហូតដល់ថ្ងៃអាទិត្យ ទី៧ ខែសីហា។ ចិនមានគោលបំណងបង្ហាញ អំពីការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការថែរក្សា «អធិបតេយ្យភាព និង បូរណភាពទឹកដី» របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKdhDyCeV3hEWf7jL2rwrlifi_OU9pwMDplFFIikmSHk15QCFxih1BrnVr4tNdPQ7TRva-xfme4qbUgj9V3_5qNaStjCJRY_ut2--7l46y1dvuJi1i3h2EINu7JAI1TTB7DlM4zxy--6vz23Oydx_BfnmyN-FGyovMjhJ6bTrJojhTRLgMw3t_GXu/s1280/photo_2022-08-05_10-03-53%20(2).jpg

សមយុទ្ធយោធារបស់ចិន បានបង្កើននូវភាពតានតឹង នៅក្នុងតំបន់ ខណៈប្រទេសជប៉ុន បានអះអាងថា កងទ័ពក្រុងប៉េកាំង បានបាញ់មីស៊ីល ជាច្រើនគ្រាប់ ធ្លាក់ចូល ទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ ស្របគ្នានេះដែរ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ «អាស៊ាន» ក៏បានព្រមានផងដែរ ថា ស្ថានភាពតានតឹងបែបនេះ អាចនឹងនាំឲ្យមាន «ការគណនាខុស ការប្រឈមមុខគ្នាយ៉ាងធ្ងន់ធ្ងរ ហើយជម្លោះជាចំហ និង ផលវិបាក មិនអាចទស្សន៍ទាយទុកជាមុនបាន នៅក្នុងចំណោមបណ្ដាប្រទេសមហាអំណាចធំៗ នៅលើពិភពលោក»។

ជាមួយគ្នានេះ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ដោយបានអំពាវនាវដល់សហគមន៍អន្ដរជាតិ ដើម្បជួយបញ្ចប់នូវសកម្មភាពយោធា «ជាឯកតោភាគី និង មិនសមហេតុផល» របស់ប្រទេសចិន។ លោកស្រី ប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ថា តៃវ៉ាន់នឹងមិនបង្កជម្លោះនោះឡើយ ប៉ុន្តែក្រុងតៃប៉ិ នឹងការពារនូវដែនអធិបតេយ្យភាព និង សន្តិសុខជាតិរបស់ខ្លួនយ៉ាងរឹងមាំបំផុត។

បើតាម CCTV បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋចិន បានអះអាងថា តំបន់បាញ់គ្រាប់ពិត និង ការធ្វើសមយុទ្ធ តាមផ្លូវអាកាស កំពុងតែប្រព្រឹត្ដឡើង នៅក្នុងតំបន់ចំនួន៦ នៅជុំវិញកោះតៃវ៉ាន់ ដែលមានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រចិន។ នៅក្នុងការធ្វើសមយុទ្ធនោះ កងទ័ពចិន បានប្រើប្រាស់យន្ដហោះ ជាង១០០គ្រឿង រួមមាន យន្ដហោះប្រយុទ្ធ យន្ដហោះទម្លាក់គ្រាប់បែក និង នាវាចម្បាំង ចំនួន១០គ្រឿងផងដែរ។

តៃវ៉ាន់ បានថ្កោលទោសដល់ការធ្វើសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន ដោយចាត់ទុកសកម្មភាពនេះ ជាការរំលោភបំពាន មកលើដែនទឹករបស់តៃវ៉ាន់ និង ការបិទផ្លូវសមុទ្រ ហើយផ្លូវអាកាសរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា មីស៊ីល ចំនួន១១គ្រាប់ ដែលគេស្គាល់ ជាកាំជ្រួចបាលីស្ទិកដុងហ្វែង (Dongfeng) បានបាញ់ នៅក្នុងការធ្វើសមយុទ្ធយោធានោះ។ នៅថ្ងៃដំបូងនៃសមយុទ្ធនេះ កម្លាំងបាញ់រ៉ុក្កែតរបស់ចិន បានបាញ់មីស៊ីលផ្លោង ជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹក នៅជុំវិញកោះតៃវ៉ាន់ ជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៩៦មក។

ស្របគ្នានេះដែរ ជប៉ុន បានបញ្ជាក់ថា យ៉ាងតិចមីស៊ីល ចំនួន៥គ្រាប់ បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (EEZ) របស់ខ្លួន ដែលជាលាតសន្ធឹង ចម្ងាយ៣៧០គីឡូម៉ែត្រ ពីដែនកំណត់ខាងក្រៅ នៃដែនទឹកសមុទ្រជប៉ុន។ ចំណែកក្រុងតូក្យូ ក៏បានតវ៉ាផ្នែកការទូតយ៉ាងខ្លាំងក្លា ប្រឆាំងនឹងសកម្មភាពយោធារបស់ក្រុងប៉េកាំង។

បើតាមបណ្ដាញផ្សព្វផ្សាយ បានឲ្យដឹងថា អាជ្ញាធរតៃវ៉ាន់ ក៏បានជំរុញឲ្យកប៉ាល់ និង យន្ដហោះទាំងអស់ ដែលកំពុងតែធ្វើដំណើរ នៅក្នុងតំបន់ទាំនេះ ត្រូវផ្លាស់ប្ដូរទិសដៅរបស់ពួកគេ។ ជាមួយគ្នានេះ ការហោះហើររាប់សិបជើង ឆ្ពោះទៅកាន់អាកាសយានដ្ឋានតាវយួន (Taoyuan) ស្ថិតក្នុងទីក្រុងតៃប៉ិ ក៏បានលុបចោល កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Korean Air និង Asiana Airlines របស់កូរ៉េខាងត្បូង ក៏ត្រូវបានពន្យារពេលហោះហើរ ទៅកាន់តៃវ៉ាន់ នៅក្នុងរយៈពេល១ ឬ២ថ្ងៃ ដោយសារតែការធ្វើសមយុទ្ធនេះ។

ការធ្វើសមយុទ្ធយោធារបស់ចិន មិនធ្លាប់មានពីមុនមក ធ្វើឱ្យមានសំណួរជាច្រើន លើកឡើង អំពីថាតើក្រុងប៉េកាំង មានគោលបំណង បើកការវាយលុក ចូលលុកលុយទៅលើកោះតៃវ៉ាន់ ដែរឬយ៉ាងណា? កាសែត Global Times គ្រប់គ្រងដោយរដ្ឋ ដែលកំពុងផ្សាយនូការអត្ថាធិប្បាយ ពីអ្នកជំនាញ បានពណ៌នា អំពីសមយុទ្ធនេះថា ជាការហាត់សម សម្រាប់«ការបង្រួបបង្រួមជាតិឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_0bfMNNBBILNv1jjmIx6kuH44t5r6LeUKqbCQPC5jwVZvFbtXcC9xQl-UmorZpRgRSlRs9O8jXojRNC3ifuGynd_lrUbw2Ew6sqPSOE4Zw226MbwQAT49mIaNBoTOm32E1OymYnI9HzRsq1f4NdqwNFoHvbqoXwTP7qIep4l3nT9JytqruxQxdS2/s1280/photo_2022-08-05_10-03-53.jpg

Global Times បានដកស្រង់សម្ដី ពីអ្នកវិភាគយោធាចិនដីគោក លោក សុង ហ្ស៊ុនពីង (Song Zhongping) យកមកផ្សាយថា «នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះយោធា នាពេលអនាគត វាទំនងជាថា ផែនការប្រតិបត្តិការ ដែលកំពុងតែធ្វើសមយុទ្ធ នាពេលនេះ នឹងត្រូវបកប្រែ ដោយផ្ទាល់ទៅជាប្រតិបត្តិការប្រយុទ្ធ»។

ថ្វីបើមានវោហារសាស្ត្របែបនេះក្ដី ប៉ុន្ដែក្រុមអ្នកជំនាញ ភាគច្រើន បានអះអាងថា ទាំងចិន និង សហរដ្ឋអាមេរិក ពិតជាមិនចង់ឲ្យមានសង្រ្គាម នៅតៃវ៉ាន់ ផ្ទុះឡើង នៅក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។

លោកស្រី បូននី ហ្គាស័រ (Bonnie Glaser) នាយកកម្មវិធីអាស៊ី នៅមូលនិធិ German Marshall Fund របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា «ប្រទេសចិនកំពុងតែស្វែងរកការព្រមានដល់សហរដ្ឋអាមេរិក និង តៃវ៉ាន់ ប្រឆាំងនឹងការចាត់វិធានការបន្ថែម រំលោភមកលើបន្ទាត់ក្រហមរបស់ចិន»។

លោកស្រី បានបន្ថែមថា ចិន កំពុងតែបង្ហាញ ពីសមត្ថភាពយោធារបស់ខ្លួន ដើម្បីរារាំងដល់តៃវ៉ាន់។ ដោយឡែក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏មិនចង់ឲ្យមានសង្រ្គាមកើតឡើង ជាមួយនឹងសហរដ្ឋអាមេរិក នោះដែរ។ ប៉ុន្តែបើទោះជាប្រទេសចិន មានកម្លាំងប្រយុទ្ធដ៏ធំបំផុតរបស់ពិភពលោក និង បានធ្វើយោធូបនីយកម្មយោធារបស់ខ្លួនយ៉ាងឆាប់រហ័សយ៉ាងណាក្ដី ប៉ន្ដែការចង់ដណ្តើម កាន់កាប់តៃវ៉ាន់ ដោយការប្រើប្រាស់កម្លាំងទ័ព នឹងនាំមកនូវហានិភ័យខ្លាំងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiizyWCDyFMlxKek2ibozgz4sLIAe_Xo8ZJOv2VDlFtG8VjsG9jjJY8EdnadFeGMDWiPJKhKBqyBC2DS8PCQhP0F6rVUFyqxZgr4VHN52jQ0DEuoJOevuwyblhNPz3zwM3Hk4P6Pn8cA92nEuyK3GdJ-lpd0Tq4HGP4PJgTzUrwebnP5FF0Fw7QsfDI/s1280/photo_2022-08-05_10-03-54.jpg

បើតាមក្រុមអ្នកសង្កេតការណ៍ បានឱ្យដឹងថា កម្លាំងយោធារបស់ចិន នឹងត្រូវឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងទាហានជាង ១០០ ០០០នាក់ នៅក្នុងអំឡុងពេលពួកគេប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ពីលើអាកាស និង កងទ័ពជើងទឹក។ ប្រសិនបើទាហានអាចធ្វើដំណើរ ទៅដល់ច្រាំងរបស់កោះតៃវ៉ាន់ ពួកគេនឹងជួបការពិបាក នៅក្នុងការចុះចត ដោយសារឆ្នេរសមុទ្រដ៏គ្រោះថ្នាក់ សម្រាប់កងទ័ពរថពាសដែក នាវាផ្ទុករថក្រោះ និង កាំភ្លើងធំ។ ការលុកលុយនេះ នឹងមានហានិភ័យខ្ពស់ អាចបង្កឱ្យមានជម្លោះ កាន់តែរីកធំឡើង រវាង ចិន និង សហរដ្ឋអាមេរិក បន្ថែមទៀតផង។

បើទោះជាសហរដ្ឋអាមេរិក មិនបានទទួលស្គាល់តៃវ៉ាន់ ជាផ្លូវការ ក្លាយជារដ្ឋឯករាជ្យយ៉ាងណាក្ដី ប៉ុន្ដែក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឆ្នាំ១៩៧៩ ក្រុងវ៉ាស៊ីនតោន មានកាតព្វកិច្ចជួយដល់ដែនកោះមួយនេះ សម្រាប់ការពារខ្លួន។ ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីខែឧសភា ឆ្នាំ២០២២ បានស្នើ ដល់ក្រុងវ៉ាស៊ីនតោន ត្រូវតែការពារតៃវ៉ាន់ ដោយការប្រើប្រាស់កម្លាំង នៅក្នុងករណីមានការលុកលុយពីចិន។

ជាមួយគ្នានេះដែរ ប្រធានាធិបតី ចូ បៃដិន បានជំរុញដល់សហរដ្ឋអាមេរិក ត្រូវតែគាំទ្រដល់កោះតៃវ៉ាន់ ដែលជាភាសាដ៏មានតម្លៃ គឺការពារលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងស្វ័យភាព ខណៈក្រុមអ្នកជំនាញជាច្រើន បានកត់សម្គាល់ថា ដែនកោះមួយនេះ ក៏មានសារៈសំខាន់ ជាយុទ្ធសាស្ត្រ សម្រាប់ក្រុងវ៉ាស៊ីនតោន ផងដែរ។

លោកស្រី ជុន ទើហ្វែល ដ្រែយើរ (June Teufel Dreyer) សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យមីយ៉ាមី (Miami) សហរដ្ឋអាមេរិក បានបញ្ជាក់ថា «នេះក៏ដោយសារតែតៃវ៉ាន់ ជាផ្នែកមួយ នៃខ្សែសង្វាក់កោះទី១ សម្រាប់ការការពារប្រឆាំងនឹងការលុកលុយ ពីកងទ័ពរំដោះប្រជាជន»។

លោកស្រី បានបន្ថែមថា «ក្រុមអ្នកយុទ្ធសាស្រ្តយោធាចិន បានសំដៅ ទៅលើតៃវ៉ាន់ ដោយថា វាជាខែលមួយ ស្ថិតក្នុងខ្សែសង្វាក់រក្សាកងទ័ពរំដោះប្រជាជនចិន នៅពីក្រោយខ្សែសង្វាក់កោះទី១ ហើយការកាន់កាប់តៃវ៉ាន់ នឹងមានន័យថា ការចូលទៅកាន់កំពង់ផែដ៏សំខាន់បំផុត គឺ Kaohsiung ស្ថិតនៅភាគខាងត្បូង តៃវ៉ាន់ និង ជាផ្លូវចូលទៅកាន់សមុទ្រខៀវប៉ាស៊ីហ្វិក ហើយកោះ Guam ជាមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក និង ពាក់កណ្តាលផ្លូវ ទៅកាន់កោះហាវ៉ៃ ថែមទៀតផង»៕