ប្រទេសថៃ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះមានសេចក្តីរាយការណ៍បានឱ្យដឹងថា មានអគ្គីភ័យបានឆាបឆេះនៅក្នុងក្លឹបមួយកន្លែងយ៉ាងសន្ធោសន្ធៅរហូតលេបត្របាក់អាគារ និងផ្ទះសម្បែងជាច្រើនខ្នង លើសពីនោះអគ្គីភ័យនេះបានសម្លាប់មនុស្សរហូតទៅដល់១៣នាក់ថែមទៀតផង។

ហេតុការណ៍ដ៏អាក្រក់នេះផងដែរត្រូវបានគេដឹងថាបានកើតឡើងនៅក្នុងនៅចំណុចផ្លូវ Sukhumvit ភូមិទី៧ ឃុំផ្លូតាហ្លួង ស្រុក Sathip ខេត្តឈុនបុរី នៃប្រទេសថៃ ដោយនៅវេលាម៉ោងប្រហែល ១ និង០០នាទីទៀបភ្លឺមានអគ្គីភ័យបានឆាបឆេះចេញពីក្នុងក្លឹបមានឈ្មោះថា Mountain B។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុមានការផ្ទុះអាវុធ២គ្រាប់នៅ ក្បែរស្តង់ឌីជេ ហើយបន្ទាប់មកមានផ្កាភ្លើងផ្ទុះឡើង បណ្ដាលឱ្យភ្លើងបានឆេះរាលដាលយ៉ាងលឿន ពេញអាគារ ខណៈដែលនៅខាងក្នុងនោះមានភ្ញៀវជាច្រើន។

ភ្លាមនោះក៏មានការរាយការណ៍ទៅកាន់អាជ្ញាធរ និងបានហៅឡានទឹកជួយសង្គ្រោះភ្លាមៗ លុះក្រុមអ្នកជួយពន្លត់ភ្លើងមកដល់កន្លែងកើតហេតុភ្លើងក៏បានឆាបឆេះដំបូលផ្ទះមួយផ្សេងទៀតចម្ងាយប្រហែល ៥ ម៉ែត្រ ហើយជនរងគ្រោះដែលរងរបួសបានព្យាយាមរត់ចេញក្រៅ ក្នុងនោះគេដឹងថាមានអ្នកបានស្លាប់នៅក្នុងភ្លើងដ៏សន្ធោសន្ធៅដែលមិនអាចយកចេញមកបាន។ប្រតិប្តិការនៃការពន្លត់អគ្គីភ័យរបស់ក្រុមអ្នកជួយសង្គ្រោះនេះត្រូវបានចំណាយពេលអស់រយៈពេល២ម៉ោងទើបអាចគ្រប់គ្រងភ្លើងបានពេញលេញ។

ជាលទ្ធិផលក្នុងឧបទ្ទវហេតុនៃគ្រោះអគ្គីភ័យនេះ បានរកឃើញថាបណ្ដាលឱ្យមាន ​មនុស្ស១៣នាក់បានស្លាប់ បុរស៩នាក់ និងស្ត្រី៤នាក់ ព្រមទាំងមនុស្ស ៣២នាក់ផ្សេងទៀតបានរងរបួស ដោយមាន៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពួកគេទាំងនោះ ខ្លះជាបុគ្គលិកសំខាន់ៗដូចជាអ្នកតន្ត្រីជាដើម ។ មូលហេតុដែលធ្វើឱ្យមានមនុស្សស្លាប់ច្រើនបែបនេះត្រូវបានគេឱ្យដឹងថា ព្រោះតែហាងមួយនេះមានច្រកទ្វារចេញចូលពីរច្រក តែច្រកក្រោយជាប់សោ ដូច្ចេះមានតែច្រកទ្វារខាងមុខមានទំហំតូចចង្អៀតពិបាកក្នុងការរត់ចេញ។

យ៉ាងណាមិញអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមូលហេតុដែលបណ្ដាលឱ្យមានអគ្គីភ័យមួយនេះកើតឡើងជាបន្ទាន់៕ប្រភព៖ Kapook