​ភ្នំពេញ៖​ ​រដ្ឋ​បាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​បញ្ជាក់​ថា ​តំបន់​ភ្នំ​តា​ម៉ៅ​ពោរ​ពេញ​ទៅ​ដោយ​ដីខ្សាច់​ ដើម​ឈើ​ដុះ​លូត​លាស់​មិន​បាន​ល្អ​ ហើយ​តំប​ន់​នេះ​គ្មាន​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ ​និង​កម្រ​ទេ ​ដូ​ច្នេះ​រាជរដ្ឋា​ភិ​បាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​អភិវឌ្ឍ​ដោយ​សារ​នៅ​ក្បែរ​ទីក្រុង​ក្បែរ​ព្រលាន​យន្ត​ហោះ​ថ្មី និង​ជិត​​តំបន់​ទេស​ចរណ៍​ទន្លេបាទី​។​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ​ទីនោះ​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ​ដែល​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ណាស់​ ត្រូវ​បាន​ដោះ​លែង​នៅ​ទីនោះ​។

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋបាល​ព្រៃ​ឈើចេញ​ថ្ងៃទី ៤ ខែ​សីហា បាន​លើក​ឡើង​ថា តំបន់ភ្នំ​តា​ម៉ៅ​ជា​តំបន់​ស្ថា​នីយ​ព្រៃឈើ​មួយ​ដែល​មាន​ដំណុះ​ឈើ​ដាំ​ប្រភេទ​អាកាស្យា ​ប្រេង​ខ្យល់ និង​ឈើ​ធម្ម​ជាតិ​។​តំបន់​នេះ​ពោរ​ពេញ​ទៅ​ដោយ​ដី​ខ្សាច់​ដំណុះ​ឈើ​មិន​មាន​ការ​លូត​លាស់​ល្អ​ទេ​។​ ដូច្នេះ​ទើប​រាជរដ្ឋាភិ​បាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​អភិវឌ្ឍ​ដោយ​សារ​ជា​តំបន់​មួយ​ដែល​នៅ​ក្បែរ​ទីក្រុង​ក្បែរ​ព្រលាន​យន្ត​ហោះ​ថ្មី​និង​ជិត​តំបន់​ទេស​ចរណ៍​ទន្លេ​បាទី​។

​តាម​រយៈ​សេចក្តី​ប្រកាស​ដដែល​នោះ ​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ការ​អភិវឌ្ឍ​តំបន់ភ្នំ​តា​ម៉ៅ​មិន​មែន​ជា​ការ​លក់​ដូរ​ដូច​ការលើក​ឡើង​នោះទេ​ តែ​ជាការ​ដោះដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យាន​សួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ដោយ​កែ​លម្អ​ឧទ្យាន​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ មាន​ប្រព័ន្ធ​ផ្លូវ​ អគារ​ សួន​ច្បារ​ អាង​ស្តុក​ទឹក ក៏ដូច​ជា ​ការ​បង្កើត​សារ​មន្ទីរ​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ ការ​បង្កើត​សួន​សត្វ​សា​ហ្វា​រី​នៅ​ខេត្ត​សៀម​រាប ការ​បង្កើត​សួន​ភូត​គាម​នៅ​ខេត្ត​មណ្ឌល​គិរី និង​ការ​សាង​សង់​អគារ​ធ្វើការ​របស់​មន្ត្រី​រាជ​ការ​និង​សម្ភារ​នានា​។

​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា​៖ «​ការដោះដូរ​គឺ​អនុវត្ត​ដោយ​មាន​ភាព​តឹង​រ៉ឹង​ មាន​ការ​វាយ​តម្លៃ​ពី​ក្រុម​ហ៊ុន​ឯកជន​និង​មាន​គណៈ​កម្មការ ឯកជ​នភា​វូ​នីយ​កម្ម​ដែល​មាន​អន្តរ​ក្រសួង​ពិនិត្យ និង​វាយ​តម្លៃ​អំពី​ការ​ដោះដូរ​យ៉ាង​ត្រឹម​ត្រូវ​»​។​

​លោក​និក ម៉ាក នាយក​សង្គ្រោះ​និង​ថែរក្សា​សត្វព្រៃ​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ ប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងនៅ​ថ្ងៃទី ​៤ ​ខែសីហា​ថា​ ការកាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តា​ម៉ៅ ផ្តល់​សារ​អាក្រក់​យ៉ាង​ក្រៃ​លែង​ចំពោះ​កេរ្តិ៍​ឈ្មោះ​នៃ​ការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។​ ភ្នំ​តា​ម៉ៅ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​និង​ជា​កន្លែង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​នៅ​កម្ពុជា​។ ព្រៃ​នេះ​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ ខ្លះ​កម្រ​ណាស់ ដែល​សត្វ​ទាំង​នោះ​ត្រូវ​បាន​ដោះ​លែង ​ឬ​កើត​នៅក្នុង​ព្រៃ​។​

​លោក​ថ្លែង​ថា​៖ «​សត្វព្រៃ​ដែល​រស់នៅ​ក្នុងព្រៃ​ដែល​កំពុង​ត្រូវបាន​កាប់ឆ្ការ​មាន​ចំនួន​ច្រើន​ច្បាស់​ជា​មិន​រស់រា​នមានជីវិត​ឡើយ​។​ ពួកវា​ទាំងអស់​នឹងត្រូវ​ស្លាប់​ព្រោះ​សត្វ​ព្រៃ​ត្រូវការ​រស់នៅក្នុ​ង​ព្រៃ ​បើ​គ្មាន​ព្រៃ​ តើ​ឱ្យ​ពួកវា​ទៅ​នៅឯ​ណា សត្វព្រៃ​មិន​រស់នៅ​ក្នុង​ទីក្រុង​ទេ ហើយ​នៅពេ​លដែ​ល​ពួកវា​ត្រូវបាន​ផ្លាស់​លំនៅ​ប្រហែល​ជា​នឹង​ត្រូវ​សម្លាប់​ដោយ​មនុស្ស​តាម​ប្រមាញ់​»​។

​លោក​ និក ម៉ាក ប្រាប់ថា ការ​បំផ្លិច​បំផ្លាញ​ទីតាំង​ដ៏​ល្បីនិង​សំខាន់​បែបនេះ​ អាចធ្វើ​ឱ្យ​​អង្គការ​អភិរក្សនិង​អ្នកផ្តល់​មូល​និធិ​របស់​ពួកគេ​ចោទ​ជា​សំណួរ​ថា តើ​វា​ល្អ​ទេ​ក្នុងការ​ចំណាយ​ពេល​វេលា​ការខិតខំ​ប្រឹង​ប្រែង​ និង​ប្រាក់​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​ហាក់​ដូច​ជា​មិនសូវ​ចាប់​អារម្ម​ណ៍​ក្នុង​ការ​អភិ​រក្ស​សត្វព្រៃ និង​ព្រៃ​ឈើ​របស់​ខ្លួន​ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqaYl358OoSxU4mCLSdHgD4wRpeKIra6ufyPmDpKVF35aGvc9TDVqinCgz2DhRE_LgKerIOYRIIR7-dlebV8s80i_EvjIKs21HwDK_ESWMThH4gpqQpfnW02cU5pSogWgE1h7TfH-o6CsYOG0Aub0eQHchz_d3WeEJ4LQHJTMhd5lwZB6Z7_O90K2A/s1280/297709926_441328334706472_2311085066685239522_n%20(1).jpg