ប្រទេសជប៉ុន៖ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍មកថាក្រសួងសុខាភិបាលជប៉ុន ចេញសេចក្តីជូនដំណឹងស្តីពីការអនុម័តលើការប្រើប្រាស់ថ្នាំបង្ការជំងឺអុតស្វាយ ឬ Monkeypox ដែលត្រូវបានគេជឿថាមានប្រសិទ្ធភាព ៨៥ភាគរយប្រឆាំងនឹងជំងឺអុតស្វាយ។

ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះបានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺអុតស្វាយដែលផលិតដោយក្រុមហ៊ុន KM Biologics ដែលមានមូលដ្ឋាននៅទីក្រុង Kumamoto ដើម្បីការពារជំងឺអុតស្វា។

ក្រសួងបាននិយាយថា វ៉ាក់សាំងជំងឺអុតស្វា មានប្រសិទ្ធភាពប្រហែល ៨៥ភាគរយ ក្នុងការបង្ការជំងឺមួយនេះ ហើយគណៈកម្មាការបានអនុម័តវ៉ាក់សាំង KM Biologics សម្រាប់ប្រើក្នុងការការពារការឆ្លងមេរោគដោយជំងឺអុតស្វាមួយនេះ និងការវិវត្តនៃរោគសញ្ញាធ្ងន់ធ្ងរ។ វ៉ាក់សាំង KM Biologics គឺជាអង្គភាពមួយរបស់ក្រុមហ៊ុនអាហារ និងឱសថជប៉ុនមានឈ្មោះថា Meiji Holdings។

ទន្ទឹមនឹងនោះអង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យបុគ្គលិកពេទ្យ និងអ្នកផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការទាក់ទងជាមួយអ្នកជំងឺអុតស្វាដើម្បីចាក់វ៉ាក់សាំង ហើយក្រសួងបានចាក់ថ្នាំបង្ការដល់បុគ្គលិកពេទ្យចំនួន៥០នាក់នៅមជ្ឈមណ្ឌលជាតិសម្រាប់សុខភាព និង វេជ្ជសាស្ត្រសកលក្នុងគោលបំណងស្រាវជ្រាវ ដោយវាត្រូវបានអនុញ្ញាតឱ្យប្រើការព្យាបាលជំងឺអុតស្វាដែលផលិតដោយបរទេសដែលមិនទាន់ត្រូវបានអនុម័តនៅក្នុងប្រទេសជប៉ុននៅ NCGM និងស្ថាប័នចំនួនបីផ្សេងទៀតនៅក្នុងខេត្តអូសាកា អាជី និងអូគីណាវ៉ា។

រោគសញ្ញាទូទៅនៃជំងឺស្វាយរួមមានកន្ទួលនិងគ្រុនក្តៅ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថាមនុស្សជាង ១៨,០០០ នាក់នៅក្នុងប្រទេសចំនួន ៧៨ បានឆ្លងវីរុសនេះគិតត្រឹមថ្ងៃពុធ កន្លងទៅនេះ។

អ្នកជំងឺភាគច្រើនត្រូវបានឆ្លងមេរោគដោយការប៉ះនឹងកន្ទួល ឬវត្ថុរាវក្នុងខ្លួនរបស់មនុស្សដែលមានមេរោគ ហើយភាគច្រើនជាសះស្បើយឡើងវិញតាមធម្មជាតិក្នុងរយៈពេលពីរទៅបួនសប្តាហ៍ក្រោយ៕ ប្រភព៖ Sanook