បរទេស៖ នាថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០២២ ​មានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន​ ស៊ីនហួរ បានឱ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថានទទួលជំនួយពីមនុស្សធម៌អន្តរជាតិចំនួន ៤០ លានដុល្លារ មូលនិធិទាំងនោះត្រូវបានដាក់ចូលក្នុងធនាគារអន្តរជាតិអាហ្វហ្គានីស្ថាន ហើយនឹងចំណាយដោយមានភាពតម្លាភាព ក្នុងការផ្គត់ផ្អង់ប្រទេស និងជនភៀសខ្លួន។

សេចក្ដីថ្លែងការណ៍របស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន បានសម្តែងការដឹងគុណចំពោះសហគមន៍អន្តរជាតិសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ហើយគេបាននិយាយថាជំនួយមនុស្សធម៌ថ្មីនឹងត្រូវចំណាយដោយតម្លាភាពក្នុងការប្រើប្រាស់សម្រាប់ចែកជូនដល់ជនភៀសខ្លួន និងជាផ្នែកមួយនៃជំនួយមនុស្សធម៌ជាបន្តបន្ទាប់ដល់ប្រជាជនអាហ្វហ្គានីស្ថានដែលមានជាសាច់ប្រាក់ ៤០ លានដុល្លារអាមេរិកដែលបានមកដល់ទីក្រុងកាប៊ុល ហើយត្រូវបានផ្ទេរទៅឱ្យធនាគារអន្តរជាតិ Da Afghanistan (DBA) របស់អាហ្វហ្គានីស្ថាន។

ក្នុងនោះគេសង្កេតឃើញថា មានក្រុមបុរស ស្ត្រីជន និងកុមារ អាហ្វហ្គានីស្ថានជាច្រើនដែលត្រូវបានផ្លាស់ទីលំនៅទទួលបានជំនួយជាសាច់ប្រាក់ពីបុគ្គលិក WSTA នៅមជ្ឈមណ្ឌលចែកចាយជំនួយសាច់ប្រាក់សម្រាប់ជនភៀសខ្លួនក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ផងដែរថាអាហ្វហ្គានីស្ថាន ពីមុនក៏ធ្លាប់បានទទួលជំនួយពីមនុស្សធម៌អន្តរជាតិចំនួន ៣២ លានដុល្លារ ដែលត្រូវបានប្រើដើម្បីបង្កើនទុនបំរុងប្តូរប្រាក់បរទេស និងដើម្បីការពារការដួលរលំសេដ្ឋកិច្ចផងដែរ៕ ប្រភព៖ Khaosod