ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឥឡូវនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន អង្គរដោយមិនគិតថ្លៃ ក្រោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នេះបើតាមសុន្ទរកថារបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតជូនភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរដោយមិនគិតថ្លៃ ដែលនឹងជំរុញរំហូរទេសចរផ្ទៃក្នុងមកកាន់ខេត្តសៀមរាបបន្ថែមទៀត។

សូមជម្រាបជូនថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង ១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន ៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២៕