សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះបានថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ដោយចាត់ទុកថានេះជាការលូកលានកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិកដែលអាចស្នងតំណែងជាប្រធានាធិបតី បានធ្វើដំណើរទៅ ដល់កោះតៃវ៉ាន់ដោយសុវត្ថិភាពកាលពីយប់ ថ្ងៃអង្គារ ទី២ ខែសីហា ហើយតាមរយៈដំណើរទស្សនកិច្ចនៅពេលនេះ លោកស្រី ក្លាយជាប្រធានសភា តំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។

ប៉ុន្តែ ចិនបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកស្រី ជាការបង្កហេតុធ្ងន់ធ្ងរ ហើយកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តចិនក៏បានចេញមុខថ្កោលទោស ផងដែរ។ តាមរយៈដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា ទីក្រុងព្យុងយ៉ាងថ្កោលទោសយ៉ាងខ្លាំងចំពោះការលូកលាន់បញ្ហាកោះតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រចិនយ៉ាងពេញទំហឹង។

អ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់បន្ថែមដូច្នេះថា «វាគឺជារឿងត្រឹមត្រូវដែលរដ្ឋអធិបតេយ្យមួយចាត់វិធានការឆ្លើយតបប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលលូកលាន់កិច្ចការផ្ទៃក្នុង និងកំពុងបំផ្លាញបូរណភាពទឹកដីរបស់ខ្លួន»។ ក្រៅពីកូរ៉េខាងជើង រុស្ស៉ី ក៏បានប្រកាសគាំទ្រចិន និងថ្កោលទោសដំណើរទស្សនកិច្ច នេះដែរ។

យ៉ាងណាក៏ដោយ ខាងសេតវិមាន និងលោកស្រី ផេឡូស៊ីផ្ទាល់បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅតៃវ៉ាន់ មិនមែនជាការផ្លាស់ប្ដូរ «គោលនយោបាយចិនតែមួយ» របស់សហរដ្ឋអាមេរិកឡើយ ហើយអាមេរិកនៅតែប្រឆាំងការប្រកាសឯករាជ្យរបស់តៃវ៉ាន់​ ៕