ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមអាជីវករផ្សារសាំហាន់ជាង១០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាស្នើសុំលោក គឹម ឆាយ ប្រធានផ្សារសាំហាន់ ដែលទើបចូលមក​គ្រប់គ្រងថ្មីៗនេះ ​សូមឲ្យអនុវត្តដូចប្រធាន​ផ្សារសាំហាន់ចាស់ ដោយបង់ប្រាក់កក់ និងប្រាក់ប្រចាំខែជាធម្មតា។

តាមការលើកឡើងពីក្រុមអាជីវករបានឲ្យដឹងថា ពួកគាត់បានស្នើសុំទៅលោក គឹម ឆាយ ប្រធានផ្សារសាំហាន់ទើបចូលមកគ្រប់គ្រងថ្មីចំនួន៦ចំណុច ហើយចំណុចដែលសំខាន់ គឺលោក គឹម ឆាយ បានតម្រូវឲ្យអាជីវករទិញសិទ្ធិកាន់កាប់តូបនីមួយៗ និងបង់ប្រាក់ប្រចាំខែជាធម្មតា តែនៅពេលដែលអាជីវករឈប់លក់ដូរ ប្រាក់ដែលទិញសិទ្ធិកាន់កាប់នោះមិនបានត្រឡប់មកវិញទេ ដែលខុសពីគោលការណ៍របស់អតីតប្រធានផ្សារដែលកាន់កាប់ពីមុន គឺគ្រាន់តែតម្រូវឲ្យកក់ប្រាក់​ថ្លៃតូប និងបង់ប្រាក់ប្រចាំខែ តែនៅពេលដែលអាជីវករឈប់លក់ដូរ ប្រាក់កក់ថ្លៃតូបនឹងបានមកវិញ ។

ក្រុមអាជីវករបានបញ្ជាក់ថា បងប្អូនអាជីវករបានស្នើសុំប្រធានផ្សារមកគ្រប់គ្រងថ្មីចំនួន៦ចំណុច រួមមាន៖

១-ស្នើសុំឱ្យអាជីវករលក់ដូរធម្មតា មិនមានការរុះរើធ្វើតូបថ្មី។

២-ស្នើសុំឱ្យម្ចាស់ដី កុំទាន់យកលុយកក់ថ្មីពីអាជីវករ (ចាំដល់បានលុយកក់ពីឈ្មោះ លោក ព្រំ សុធី ជាអតីតផ្សារសិន)។

៣-ស្នើសុំឱ្យធ្វើកុងត្រា២ឆ្នាំម្តង និងតម្កល់ប្រាក់កក់នៅដដែល (មិនមែនការកក់ប្រាក់ដាច់) ក្នុងតម្លៃតូបកែងផ្លូវធំ១៥០០ដុល្លារ តូបកែងផ្លូវតូច១០០០ដុល្លារ និងតូបក្នុងនៅកណ្តាល ៥០០ដុល្លារ។

៤–សុំឱ្យអាជីវករមានសិទ្ធិជួលតូប ឬក៏សេងតូបកាត់ឈ្មោះទៅឱ្យអ្នកថ្មីក្នុងតម្លៃ មួយតួប ៥០ដុល្លារដូចដើម មិនមានការកែប្រែ។

៥-សុំកុំឱ្យមានការឈប់ជួល ឬដកហូតតូបអាជីវករដោយគ្មានមូលហេតុ ។

៦-សូមបង្ហាញលិខិតបញ្ជាក់ភស្តុតាងអះអាងពីម្ចាស់ដី ឬម្ចាស់ផ្សារថ្មី​មុននឹងឱ្យអាជីវករ​ចុះធ្វើកុងត្រា។

គោលបំណង ស្នើសុំបន្តលក់ដូរ និងបង់លុយប្រចាំខែដូចធម្មតា ដោយមិនមានការប្រែប្រួលពីម្ចាស់ ដី ដែលស្ថិតនៅផ្សារធំទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយការតវ៉ារបស់ក្រុមអាជីវករនៅផ្សារសាំហាន់ពេលនេះមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ ៕