បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានប្រព្រឹត្តទៅជាផ្លូវការ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ការប្រកួតក៏បានដំណើរការនៅថ្ងៃនេះផងដែរ ដោយមានកីឡាចំនួន ១០ប្រភេទបានបន្ត និងចាប់ផ្ដើមការប្រកួត។

ជាការបើកទំព័រ ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា បានឈ្នះមេដាយមាស ដំបូងគេជូនមាតុប្រទេស លើវិញ្ញាសានារី ៣ទល់៣ បន្ទាប់ពីចំណាយពេលប្រកួត ២ថ្ងៃ ពោលគឺបានចាប់ផ្ដើមតាំងពីម្សិលមិញ។

ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា បានយកឈ្នះលើក្រុមកីឡាបាល់បោះពិការជិះរទេះនារីថៃ ៧-៥ ក្រោយប្រកួតស្មើគ្នា ៥-៥ ក្នុងរយៈពេល ១០នាទីពេញ ទើបឈានទៅបន្ថែមម៉ោង ជាការប្រកួតដែលកំណត់ថាក្រុមណារកបាន ២គ្រាប់នឹងទទួលបានជ័យជម្នះ។ ទីបំផុត ក្រុមនារីកម្ពុជា បានរក ២គ្រាប់មុនដាច់តែម្ដង៕