ប្រធានក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា អាន ស៊ីណែត សង្ឃឹមឈ្នះមេដាយមាសពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមនារីឡាវ។

កាលពីព្រឹកមិញនេះ ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជាបានប្រកួតឈ្នះក្រុមបាល់បោះពិការជិះរទេះនារីឡាវដោយលទ្ធផល ១១-៥ សម្រាប់វិញ្ញាសានារី៣ទល់៣ ខណៈក្រុមបាល់បោះពិការជិះរទេះនារីថៃបានយកឈ្នះក្រុមបាល់បោះពិការជិះរទេះនារីហ្វីលីពីនដោយលទ្ធផលតដៃមិនរួច១១-០។

ប្រធានក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា “ក្រុមនារីថៃ និងហ្វីលីពីន មើលទៅកម្រិតសមត្ថភាពរបស់ពួកគេ យើងអាចសង្ឃឹមយកឈ្នះបាន។ សមត្ថភាពរបស់ថៃប្រហាក់ប្រហែលនឹងយើងដែរ។ ចាំមើលស្អែកប្រកួតជាក់ស្តែង យើងដឹងហើយ។ ខ្ញុំរំពឹងថា ស្អែកនឹងនឹងឈ្នះថៃ។ បើក្រុមនារីហ្វីលីពីនវិញ យើងអាចស៊ីបាន ប៉ុន្តែគ្រាន់តែថា នឹងខំប្រឹងអស់ពីសមត្ថភាព”។

ការប្រកួតវិលជុំសន្សំពិន្ទុបន្ទាប់របស់ក្រុមនារីកម្ពុជាត្រូវជួបក្រុមនារីថៃ និងហ្វីលីពីន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕