រាជធានីភ្នំពេញ៖ នាថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែនបានបង្ហោះនូវរូបថតមួយសន្លឹកដែលបានថតតាំងពីយូរឆ្នាំណាស់មកហើយ ដើម្បីបង្ហាញនូវអនុស្សាវរីដ៏សែននឹករលឹកទៅដល់អ្នកនៅក្បែរខ្លួន និងអ្នកដែលតែងតែនៅតាមការពារសម្ដេចកាលពីមុន ព្រមទាំងបានប្រកាសស្វែងរកមុខអ្នកដែលបានថតរូបភាពរបស់សម្ដេច  ហ៊ុន សែន កាលពីជំនាន់នោះផងដែរ ដើម្បីចង់ដឹងឱ្យកាន់តែច្បាស់ថា តើអ្នកថតផ្ដិតយករូបភាពនេះនៅក្នុងឆ្នាំណា។

ទាក់ទងនឹងការបង្ហោះរូបភាពនេះផងដែរ បានបញ្ជាក់យ៉ាងច្បាស់ថារូបថតមួយសន្លឹកនេះមានសភាពចាស់ និងជារូបថតដែលបានថតមកជាយូរឆ្នាំណាស់មកហើយ ក្នុងនោះសម្ដេច ហ៊ុន សែន លោកក៏មិនបានចងចាំឆ្នាំដែលគេបានថតរូបមួយសន្លឹកនេះទេ ទើបសម្ដេចសម្រេចចិត្តបង្ហោះរូចថតមួយសន្លឹកនោះ ព្រមទាំងភ្ជាប់ជាមួយសាររៀបរាប់យ៉ាងដូច្នេះថា៖

“លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៍មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅ ក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖

១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។

២.កូនប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ចកា១៩៨២)។បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ឬ៤៥ឆ្នាំ។ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា?

ខ្ញុំសូមអរគុណទុកជាមុន៕”