ចម្ការផ្លែត្របែកលោក ស្រី គាង លក្ខិណា នៅស្រុកស្អាងកំពុងពេញប្រមូលផលពីចន្លោះ៥០០គីឡូក្រាមទៅ ៧០០គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណ: ដំណាំត្របែកងាយស្រួលថែទាំ និងមានអត្ថប្រយោជន៍សម្រាប់សុខភាព។

លោកស្រី គាង លក្ខិណា ប្រជាកសិករដាំផ្លែត្របែករស់ នៅក្នុងភូមិព្រែកតាសៅ ស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា ដំណំាផ្លែត្របែកនៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។

ផ្លែត្របែកចម្ការលោកស្រី មានរសជាតិផ្អែម និងជូរផ្អែម សាច់ស្រួយ ឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយមនុស្ស ពីព្រោះផ្លែត្របែក បានជួយ បញ្ចុះកម្រិតជាតិស្ករក្នុងឈាម ជួយកាត់បន្ថយជំងឺបេះដូង ជួយកាត់បន្ថយសម្ពាធឈាម ជួយដល់ការសម្រកទម្ងន់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ ។

លោកស្រីបានបញ្ជាក់ថា ក្នុងមួយថ្ងៃៗចម្ការលោកស្រីអាចប្រមូលផល ផ្លែត្របែកបានពី៥០០គីឡូក្រាម ទៅ៧០០ គីឡូក្រាម ខណៈដែលផ្លែត្របែកនេះផងដែរគឺយើងត្រូវប្រើរយៈពេល១ឆ្នាំក្នុងការដាំ នៅកន្លែងដែលមានទឹកគ្រប់ គ្រាន់ ជាពិសេសយើងត្រូវកាត់ត្រួយជារៀងរាល់ថ្ងៃ ដើម្បី ឱ្យឆាប់ចេញផ្កា បានផលលឿន។

សូមបញ្ជាក់ថា លោកស្រី គាង លក្ខិណា បានចាប់យកការដាំផ្លែត្របែកគីឡូនេះ អស់រយៈពេលជិត១១ឆ្នាំមកហើយ លើផ្ទៃដី៥ហិកតា ស្មើនឹង១៥០០ដើម ដែលជាពូជត្របែករបស់ខ្មែរ ដែលលក់ក្នុងតម្លៃលក់បោះដុំ ១គីឡូក្រាម ១៥០០រៀល និងលក់រាយ២៥០០រៀល ៕