ក្រុមអត្តពលិកជនពិការវាយកូនឃ្លីលើតុកម្ពុជាបានហ្វឹកហាត់ជាផ្លូវការរយៈពេល២ថ្ងៃនៅទីលានក្នុងប្រទេសឥណ្ឌូនេស៊ី និងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២។

លោក ឃឹម បូរី គ្រូបង្វឹកកីឡាជនពិការវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ថា ក្រុមរបស់លោកហ្វឹកហាត់បានល្អនៅឥណ្ឌូនេស៊ី ហើយការបង្វិលរទេះ បំលាស់ទីរបស់កីឡាករម្នាក់ៗមានលំនឹងល្អជាងនៅកម្ពុជា និងស្របតាមស្តង់ដាអន្តរជាតិ។ ការហ្វឹកហាត់ពីរថ្ងៃនៅឥណ្ឌូនេស៊ីល្អមែនទែន។

លោកបានលើកឡើថា “ខ្ញុំសង្ឃឹមថា យើងប្រហែលជាបាន១ អាចមេដាយសំរឹទ្ធ។ យើងបានមើលគូប្រកួតដែរ ដូចវៀតណាមជាដើម យើងអាចយកឈ្នះបាន។ ខ្ញុំគិតថា វិញ្ញាសាវាយគូគឺយើងអាចសង្ឃឹមទទួលបានមេដាយ។ សង្ឃឹមច្រើនមែនទែន ដោយសារយើងមើលឃើញថា ការលេងវាយគូរបស់កីឡាករយើងល្អ បើប្រៀបធៀបនឹងកីឡាករប្រទេសផ្សេង។” លោកគ្រូបង្វឹកបានបង្ហាញក្តីសង្ឃឹម និងបញ្ជាក់ថា ក្រុមអត្តពលិកជនពិការវាយកូនឃ្លីលើតុកម្ពុជាប្រកួត៣វិញ្ញាសាគឺ វិញ្ញាសាឯកត្តជន វាយគូ និងវិញ្ញាសាជាក្រុម៕

ប្រភព: Cambodia 2023