កសិករមួយរូបរស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ត សៀមរាប មានលទ្ធភាពបញ្ចេ ញកូនមាន់លក់ចាប់ពី២៥០០ ទៅ៣៥០០កូនក្នុងមួយខែ ដោយកូនមាន់មួយក្បាលមាន តម្លៃចាប់ពី៥០០០រៀលឡើងទៅដែលជាជួយផ្គត់ផ្គងជីវ ភាពបានកាន់តែល្អ។

លោកឈឿម វ៉យ កសិកររស់នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀម រាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់រយៈពេលជាង៦ឆ្នាំមកហើយ ក្រោមការជួយជ្រោមជ្រែងដំបូងពីគម្រោងបឹងទន្លេសាប របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។

លោកបន្តថា បច្ចុប្បន្នលោកមានមាន់មេពូជជាមេបា សរុបចំនួន៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចផ្តល់ពង បានចាប់ពី២២០ទៅ ២៥០ គ្រាប់ សម្រាប់ភ្ញាស់យកកូនលក់។ មិនតែប៉ុណ្ណោះមុខរបរភ្ញាស់កូនមាន់លក់ អាចជួយឱ្យជីវភាពគ្រួសារលោកល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះក្នុងមួយខែលោកមាន លទ្ធភាពលក់កូនមាន់ទៅកាន់អតិថិជន បានចន្លោះពី ២៥០០ទៅ៣៥០០កូន ដោយកូនមាន់មួយក្បាលមានតម្លៃចាប់ពី៥០០០រៀលទៅ៥៥០០រៀល ដូច្នេះក្នុងមួយខែប្រាក់ចំណូលសរុបទទួលបានចាប់១២លានរៀលទៅ១៧លានរៀល និងអាចសល់ប្រាក់ចំណេញចាប់ ពី៤លានរៀល ក្នុងមួយខែ។

កសិករភ្ញាស់កូនមាន់លក់រូបនេះបានបន្តទៀតថា កូនមាន់ដែលត្រូវលក់ទៅឱ្យអតិថិជន យកទៅចិញ្ចឹមបន្ត លោកបានធ្វើការថែទាំរយៈពេល២១ថ្ងៃ ជាពិសេសបានផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ហើយ ដើម្បីឱ្យមាន់មានសុខភាពល្អ។ ពេលវេលាដែលយើងដាក់ចូលក្នុងទូ រយៈ ពេល២១ថ្ងៃអាចកើតចេញជាកូនបាន ចាប់ពីញាស់ដល់ ២១ថ្ងៃ យើងត្រូវតាមដាន ដាក់អំពូលកម្តៅឱ្យវា យើងធ្វើវ៉ាក់សាំង ផ្តល់វីតាមីន និងចំណីឱ្យវា កូនមាន់ពេលយក ចេញពីទូឱ្យមានសុខភាពល្អ ពេលបញ្ចេញមកយើងត្រូវមានធុងសម្រាប់ដាក់កូនមាន់ មានក្រាលអង្កាមសម្រាប់ផ្តល់កម្តៅ និងអំពូល និងបន្តដាក់វីតាមីន និងថ្នាំផ្សះ ឱ្យផឹក ដើម្បីមានកម្លាំងផ្សះពោះវៀន ហើយក្រោយមករយៈពេល ៣០ ម៉ោងបានយើងដាក់ចំណី ។ កសិករឈឿម វ៉យ បានឱ្យដឹងទៀតថា កសិដ្ឋានលោកមានលទ្ធភាពបញ្ចេញកូនមាន់លក់នៅរៀងរាល់មួយសប្តាហ៍ម្តង ទៅតាមការបញ្ជាទិញរបស់អតិថិជន ទំាងនៅក្នុងខេត្ត និងតាមបណ្តា ខេត្តផ្សេងៗទៀត ខណៈការចិញ្ចឹមមាន់បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕

ប្រភព: ក្រសួងព័ត៌មាន