កណ្តាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា លើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស។

សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ រាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត។ បើតាមសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងទៀតថា ពាក់ព័ន្ធការងារបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយនេះ ក្រសួងនឹងរៀបចំផែនការឱ្យបានហ្មត់ចត់បំផុត ដើម្បីរកមុខសញ្ញានៃការជួញដូរមនុស្ស។

«អ្នកមកធ្វើការងារនៅកន្លែងការដ្ឋានផ្សេងៗ ក្រុមហ៊ុន វិនិយោគទាំងអស់ហ្នឹង គឺត្រូវតែត្រួតពិនិត្យ ហើយត្រួតពិនិត្យនេះគ្មានក្នុងបំណងអីទេ គឺក្នុងបំណងឱ្យរកឃើញថា អ្នកដែលមកកម្ពុជាហ្នឹង គឺចូលដោយត្រឹមត្រូវតាមច្បាប់ ឬមិនត្រឹមត្រូវ ធ្វើការនៅកម្ពុជាហ្នឹង មានច្បាប់ការងារអត់ ហើយរកឱ្យឃើញអ្នក ដែលជាមុខសញ្ញានៃជួញដូរមនុស្ស»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានផ្សព្វផ្សាយរបាយការណ៍ ឆ្នាំ២០២២ ស្តីពីការជួញដូរមនុស្ស។ ក្នុងរបាយការណ៍នោះ អាមេរិកបានដាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវរបស់ចិន និងប្រទេស៣ទៀតនៅអាស៊ាន ពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិត២ ទៅកម្រិត៣ ដែលគេស្កាល់ជាទូទៅថា បញ្ជីខ្មៅ ដែលជាកម្រិតដ៏អាក្រក់។ អាមេរិកចោទប្រកាន់ថា កម្ពុជា និងប្រទេសទាំងនោះ មានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ក៏បានចេញការប្រតិកម្មជាលើកដំបូង ក្រោយក្រសួងការបរទេសអាមេរិក ទម្លាក់ចំណាត់ថ្នាក់កម្ពុជាដល់លេខ៣ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងពិធីសម្ពោធសមិទ្ធផលអគារសិក្សាក្នុងខេត្តកណ្ដាល សម្តេចក្រឡាហោម បានអះអាងថា ទោះកម្ពុជាទទួលបានចំណាត់ថ្នាក់បែបនេះ ក៏មិនបន្ធូរដៃក្នុងការងារលុបបំបាត់ការជួញដូរមនុស្សដែរ។

សម្រាប់របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់អាមេរិក ត្រូវបានបែងចែកជា ៥កម្រិត ដោយកម្រិត១ គឺល្អ និងគោរពស្តង់ដារអប្បបរមា, កម្រិត២ រដ្ឋាភិបាលគោរពស្តង់ដារនៃការជួញដូរ មិនបានពេញលេញ ប៉ុន្តែមានកិច្ចខិតខំក្នុងការកែលម្អ, កម្រិត២ ស្ថិតក្នុងបញ្ជីឃ្លាំមើល គឺរដ្ឋាភិបាលគោរពស្តង់ដារនៃការជួញដូរមិនបានពេញលេញ និងមានកិច្ចខិតខំកែលម្អបញ្ហានេះ ប៉ុន្តែអត្រានៃការជួញដូរនៅតែបន្តកើនឡើង, កម្រិត៣ ជាកម្រិតដែលរដ្ឋាភិបាលមិនគោរពស្តង់ដារអប្បបរមានៃការជួញដូរឱ្យបានពេញលេញ និងមិនមានកិច្ចខិតខំទប់ស្កាត់ការជួញដូរមនុស្ស និងកម្រិតចុងក្រោយ គឺករណីពិសេស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកថា របាយការណ៍របស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់រាជរដ្ឋាភិបាលកម្ពុជា ទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស គឺជារបាយការណ៍ ដែលរៀបចំឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។

សម្រាប់លោកស្រី ជូ ប៊ុនអេង ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកពាក់ព័ន្ធនឹងការងារការលុបបំបាត់ការជួញដូរមនុស្ស នៅអាស៊ានក៏មានប្រទេសពាក់កណ្តាល ដែលអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ លើរឿងជួញដូរមនុស្ស ហើយប្រទេសទាំងនោះ រួមមាន វៀតណាម ម៉ាឡេស៉ី ព្រុយណេ មីយ៉ាន់ម៉ា ខណៈដែលថៃ បានហក់ទៅលេខ២ វិញ៕