ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានបង្ហើបឲ្យដឹងថា ពេលនេះ មានប្រទេស៦ទៅ៧ហើយត្រៀមចូលរួមប្រកួតកីឡាគុនល្បុក្កតោ ដែលត្រូវបានដាក់បញ្ជូលក្នុងចង្កោមនៃយុទ្ធគុនចម្រុះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តមអគ្គលេខាធិការ នៅក្រោយពេលបញ្ចប់កិច្ចពិភាក្សា និងចុះហត្ថលេខាជាមួយ តំណាងសមាគមកីឡាបញ្ចសិលាឥណ្ឌូណេស៊ី និងតំណាងស្ថានទូតឥណ្ឌូណេស៊ី ក្នុងការផ្លាស់ប្តូរការនៃហ្វឹហាត់គុនល្បុក្កតោ និងបញ្ចសិលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមមានប្រសាសន៍ថា ថ្ងៃនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ត្រានៃដំណើរការផ្លាស់ប្តូរគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងបញ្ចសិលារបស់ឥណ្ឌូណេស៊ី ហើយបានកំណត់ពេលវេលាក្នុងការបញ្ជូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចេញទៅហ្វឹកហាត់កីឡាបញ្ចសិលា និងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជាទៅបង្ហាត់ដល់កីឡាករ កីឡាការិនីឥណ្ឌូណេស៊ី ដែលក្បាច់គុនទាំងពីរនេះនឹងត្រូវរៀបចំការប្រកួតនៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕

ប្រភព: CAMBODIA 2023