រាជធានីភ្នំពេញ៖ ​មហាជនច្បាស់ជាបានជ្រាបរួចមកហើយ នឹងរឿងរ៉ាវដ៏ក្ដៅគគុកសម្រាប់ ហ្វេនៗ អ្នកគាំទ្រតារាប្រុសលោក សេង មង្គល ដែលទើបតែមានរឿងចម្រូងចម្រាសទាក់ទងនឹងការផ្ទុះរឿងលោកកំពុងតែមានទំនាក់ទំនងស្នេហាត្រីកោណ ជាមួយ តារាស្រី ហិន ច័ន្ទនីរ័ត្ន និងលោកជំទាវ ទ្រី ដាណា។ បញ្ហានេះលោកក៏បានចេញមុខបកស្រាយច្បាស់ៗឱ្យមហាជនឈប់សង្ស័យពីទំនាក់ទំនងនេះផងដែរ។

កាលពីថ្ងៃទី ១៤ ខែកក្ដដា ឆ្នាំ២០២២ តារាប្រុស លោកសេងមង្គលបានចេញមុខបកនៅក្នុងការឡាយវីដេអូផ្ទាល់ក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបកស្រាយពីទំនាក់ទំនង ដែលមហាជនបានរិះគន់ និងបានវាយប្រហារមកកាន់លោកជាខ្លាំង ថាលោកកំពុងតែមានទំនាក់ទំនងស្នេហាត្រីកោណ ដោយលោកមានស្នេហាជាមួយ ហិន ច័ន្ទនីរ័ត្នរួចហើយ បែរជាមកបង្កើតស្នេហ៍ថ្មីជាមួយលោក ជំទាវ ទ្រី ដាណា ទៅវិញ។ បញ្ហានេះលោកសេងមង្គល ក៏បានរៀបរាប់យ៉ាងច្បាស់ថា រូបលោក និង កញ្ញា ហិន ច័ន្ទនីរ័ត្ន គ្រាន់តែជាមិត្តភ័ក្តិរួមអាជីព និងគ្រាន់តែមហាជនមួយចំនួនផ្គូផ្គងឱ្យតែប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងស្នេហា ដែលបានបង្កើតឡើងនោះទេ ដូច្នេះសូមមហាជនកុំយល់ច្រឡំ ហើយគួរបញ្ឈប់នូវពាក្យរិះគន់ថា លោកជាប្រុសក្បត់ចិត្ត ព្រោះវាបានប៉ះពាល់ដល់កិត្តិយស និង អាជីពការងាររប​ស់លោកជាខ្លាំង។ ជាមួយគ្នានោះដែរ តារាប្រុសរូបនេះក៏បានបញ្ជាក់ពីទំនាក់ទំនងលោក និង លោកជំទាវ ទ្រី ដាណាវិញម្ដង ថា អ្នកទាំងពីរគ្មានទំនាក់ទំនងស្នេហា ដូចដែរមហាជនភាគច្រើនបានគិតនោះទេ ដោយលោក និងលោកជំទាវ គ្រាន់តែជាដៃគូសម្ដែង MV បទចម្រៀងជាមួយគ្នាតែប៉ុណ្ណោះ​ ម្យ៉ាងទៀតលោកជំទាវ ទ្រី ដាណា ក៏បានផ្តល់ឱកាសការងារជា  BA តំណាងផលិតផលថ្មីរបស់ក្រុមហ៊ុនគាត់ផ្ទាល់ ទាំងនេះមិនមែនជាស្នេហានោះទេ។

យ៉ាងណាមិញជាចុងក្រោយលោក សេង មង្គល ក៏បានសំណូមពរដល់មហាជនឈប់យល់ច្រំ និងគិតថាលោកជាប្រុសក្បត់ចិត្តបន្តទៅទៀត និងសូមកុំ ប្រើពាក្យមិនសមរម្យទៅកាន់ លោកជំទាវ ទ្រី ដា ​ណា ព្រោះគាត់គឺជាអ្នកមានគុណ ដែលបានផ្ដល់ការងារ ​និងកិត្តិយសសម្រាប់លោកកន្លងមក៕