កសិករមួយរូបរស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាន់យកការដាំដំណាំកសិកម្ម ដោយប្រើប្រាស់ជីកំប៉ុស្ត ជាជាងការប្រើប្រាស់សារធាតុគីមី នាំឱ្យប៉ះពាល់សុខភាពអ្នកទទួលទាន រហូតធ្វើឱ្យដំណាំលោកមានការទទួលស្គាល់ពីក្រសួងកសិកម្មនិងអតិថិជនជាអ្នកទទួលទាន។

លោកឈាវ ហុង អាយុជាង ៦០ឆ្នាំ រស់នៅឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀម រាប បានឱ្យដឹងថា លោកចាប់យកអាជីពដាំបន្លែចម្រុះរយៈពេលជាង២០ឆ្នាំមកហើយ ដោយមានដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រីជាបន្តបន្ទាប់។ ពីមួយឆ្នាំទៅមួយឆ្នាំ អាជីវកម្មរបស់លោក មានការវិវត្តន៍រីកចម្រើនជាលំដាប់ ដោយ សារមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ និងគម្រោងកម្មវិធីផ្សេងៗ បានមកជួយជាបច្ចេកទេស និងសម្ភារចាំបាច់សម្រាប់ជំរុញឱ្យផលិតកម្មបន្លែសុវត្ថិភាព ការចិញ្ចឹមាន់ ត្រី និងស្រូវពូជ ទទួលបានជោគជ័យ។

លោកក៏បានបន្តទៀតថា “លោកចាប់ផ្តើមការងារដាំដុះដំបូង លើផ្ទៃដីជាង១ហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នលោកបានពង្រីកផ្ទៃដីធ្វើកសិកម្មសរុបចំនួន៦ហិកតា។ លោកបន្តទៀតថា ក្រោយទទួលបានការបណ្តុះបណ្តាលពីការងារដំាដុះបន្លែសុវត្ថិភាព និងអត្ថប្រយោជន៍របស់រោងសំណាញ់ ពីអ្នកជំនាញផ្នែកកសិកម្មមក លោកក៏សម្រេច ចិត្តជ្រើសរើសការដាំដុះបន្លែបែបសុវត្ថិភាព និងបានពង្រីករោងសំណាញ់ជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់តម្រូវការបញ្ជា ទិញបន្លែសុវត្ថិភាព។”

បន្ថែមពីនេះ គ្រប់ដំណាំទាំងអស់នៅក្នុងកសិដ្ឋានលោក សុទ្ធ តែដាំដុះដោយប្រើប្រាស់ជីកំប៉ុស្ត ដែលផលិតបានដោយ ខ្លួនឯង ដែលកត្តាទាំងនេះហើយ ធ្វើឱ្យបន្លែរបស់លោក មានការទទួលស្គាល់ពីក្រសួងកសិកម្ម និងអតិថិជនជាអ្នក ទទួលទានមកពីគ្រប់ទិសទី។

ម្ចាស់កិសិដ្ឋានខាងលើក៏បន្តទៀតថា  ការប្រើប្រាស់ជីកំប៉ុស្ត មិនប៉ះពាល់សុខភាពអ្នកទទួលទាន ធ្វើឱ្យបន្លែមានរសជាតិឆ្ងាញ់ អាចប្រមូលផលបានយូរអង្វែងជាងការប្រើប្រាស់ជីគីមី ជាហេតុធ្វើឱ្យរូបលោកជ្រើស រើសប្រើប្រាស់ជីកំប៉ុស្តរហូតដល់៨០ភាគរយនៅលើផ្ទៃដី១ម៉ែត្រក្រឡា។

គួរបញ្ជាក់ផងដែរថា ជីកំប៉ុស្ត គឺជាជីដែលផ្តុំឡើង ដោយ សារធាតុសរីរាង្គផ្សេងៗ ហើយទុកឱ្យបំបែកធាតុ ក្នុងរយៈពេលកំណត់មួយសិន មុននឹងយកមកប្រើប្រាស់។ ជីកំប៉ុស្ត មានអត្ថប្រយោជន៍ជាច្រើន ដល់ការលូតលាស់ដំណាំ ដូចជា ជួយកាត់បន្ថយការបំពុលបរិស្ថាន ជួយបង្កើនជីជាតិដី និងផលិតភាពដី ដើម្បីឈានទៅរកការបង្កើនទិន្នផល គុណភាពផលិតផលដំណាំ ដែលអាចជួយកាត់ បន្ថយការប្រើប្រាស់ជីគីមី៕

ប្រភព: ក្រសួងព័ត៌មាន