ដំណាំលម៉ើស្រស់ក្នុងខេត្តស្ទឹងត្រែង កំពុងចាប់ផ្ដើមប្រមូលផល និងទទួលបាន ការគាំទ្រខ្លាំង ពីអតិថិជន ដោយសារតែជាប្រភេទដំណាំសរីរាង្គ មានរសជាតិផ្អែមឆ្ងាញ់សាច់ស្រួយ។

លោក ញាម ដារ៉ាម្ចាស់ចម្ការលម៉ើ ស្ថិតនៅក្នុងភូមិកន្ទូត ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង បាននិយាយថា “ដំណាំលម៉ើស្រស់នៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។”

ម្ចាស់ចម្ការខាងលើក៏បានបន្ថែមទៀតថា ” ផ្លែម៉ើដែលលោកកំពុងដាំ មានរសជាតិផ្អែមឆ្ងាញ់សាច់ស្រួយ គឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើ ប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពមនុស្ស។”

មិនតែប៉ុណ្ណោះ ម៉ើដែលោកកំពុងដាំគឺនាំយកពូជមកពីប្រទេសថៃ ហើយវាជាប្រភេទដំណាំដែលដាំនៅក្នុងប្រទេសក្ដៅ ដូច្នេះវាមិនត្រូវការតំបន់ណាដែលមានប្រភេទដីជាំទឹកទេ ហើយត្រូវប្រើរយៈពេលដាំ២ឆ្នាំ ទៅបីឆ្នាំ ទើបទទួលបានផល។

គួរបញ្ជាក់ថា ដំណាំលម៉ើលោកញាម ដារ៉ា បានដាំតាំង ពីឆ្នាំ២០១៨លើផ្ទៃដីប្រមាណជាង១១ហិកតា ដោយនាំយកពូជមកពីប្រទេសថៃ ដែលលក់ក្នុងតម្លៃបោះដុំ១ គីឡូក្រាម១០ដុល្លារ និងលក់រាយ ១៥ដុល្លារ ក្នុង១គីឡូក្រាម ៕

ប្រភព: ក្រសួងព័ត៌មាន