ប្រទេសថៃ៖ កាលពីថ្ងៃទី ៥ ខែ កក្តដា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍ដ៏គួរ​ឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង ក្រោយពីក្រុមប៉ូលិសចាប់ខ្លួនចោរលួចទូរស័ព្ទដៃអស់ជាច្រើនគ្រឿងក្នុងហាងមួយកន្លែង តែអ្វីដែលចម្លែងពេលចូលលួចគេចោរម្នាក់នោះដោះសម្លៀកបំពាក់អស់ ទុកតែខោក្នុង លុះពេលសារភាពទើបដឹងថាគេធ្វើដើម្បីឱ្យមានភាពជឿជាក់ និងមានអារម្មណ៍ថា ជាខ្លួនឯង។

ទាក់ទងជាមួយនឹងហេតុការណ៍ខាងលើបានកើតឡើងនៅក្នុងខណ្ឌ Bang Kapi ទីក្រុងបាងកក ដោយលោកឧត្តមសេនីយ៍ទោ Thiradet Thammasutee អគ្គស្នងការរងនគរបាលប៉ុស្ដិ៍លេខ២ ប៉ុស្តិ៍នគរបាលPCT៥ ជាមួយបញ្ជាការដ្ឋានប្រតិបត្តិការទី៥ បានចុះទៅចាប់ខ្លួនលោក Je Ismae Hama អាយុ ២៣ឆ្នាំ ដោយចោទពីបទលួចសម្បត្តិអ្នកដទៃ ហើយការចាប់ខ្លួននេះធ្វើឡើងនៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងទីក្រុងបាងកកតែម្ដង។

លោក Je Ismae Hama ត្រូវបានគេរកឃើញថាកាលពីថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២២ ជនល្មើសម្នាក់នេះបានចូលទៅលួច ទូរស័ព្ទដៃចំនួន៨៩គ្រឿងពីក្នុងហាង Banana IT មួយកន្លែង បន្ទាប់ពីបានឆែកកាំមេរ៉ា ក្នុងនោះគេសង្កេតឃើញថាជនសង្ស័យ Je Ismae Hama លោក បានដោះខោអាវខាងក្រៅចេញអស់ ទុកតែខោក្នុងប៉ុណ្ណោះ។ ទាក់ទងនឹងការចូលលួចស្លៀកតែខោក្នុងបែបនេះ បានក្លាយជារឿងចម្លែង និងសង្ស័យបន្ថែមសម្រាប់ក្រុមប៉ូលិស ព្រោះមានជនល្មើសម្នាក់ទៀតដែលស្លៀកតែខោក្នុងបែបនេះចូលលួចក្នុងហាងមួយកន្លែងក្នុងខេត្ត Yala កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ នៅហាង Banana IT ដូចគ្នា។

តាមចម្លើយសារភាពលោក Je Ismae Hama បានបញ្ជាក់ថាជនល្មើសដែលបានចូលទៅលួចទូរស័ព្ទទាំងពីកន្លែង និងស្លៀកតែខោខ្លីនេះគឺពិតជាលោកពិតមែន ហើយមូលហេតុដែលដោះខោអាវអស់ទុកតែខោក្នុង ព្រោះដើម្បីតែភាពជឿជាក់ក្នុងខ្លួន និងមានអារម្មណ៍ថាជាខ្លួនឯង។

យ៉ាងណាមិញបន្ទាប់ពីបានចម្លើយសារភាពរបស់ជនល្មើសរួចមកក៏បានធ្វើឱ្យ ក្រុមប៉ូលិស និងមហាជនពិតជាមានការហួសចិត្ត ជាមួយនឹងបុរសម្នាក់នេះ រហូតគេបានហៅលោកថា “ចោរខោក្នុង ចិត្តសាស្ត្រ”។

ជាមួយគ្នានោះផងដែលជនល្មើលក៏ត្រូវបានរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់បន្ត៕ ប្រភព៖ Khaosod