សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលកំពុងតែជួបប្រទះនូវបញ្ហាពិបាកក្នុងការភ្ញាក់ពីដំណេកនៅពេលព្រឹមព្រលឹម ។ ប៉ុន្តែជារឿយៗបញ្ហាទាំងនេះត្រូវបានដោះស្រាយជាមួយនឹងការប្រើប្រាស់សំឡេងនាឡិការោទិ៍ខ្លាំងៗ ដើម្បីជាការដាស់ ឬបញ្ញាក់ស្មារតីរឲ្យភ្ញាក់ដើម្បីជួយមិនឲ្យទៅធ្វើការ ឬរៀនយឺតជាដើម ។ ប៉ុន្តែតើអ្នកដឹងទេថា សម្លេងរោទ៍ខ្លាំងៗរបស់នាឡិកាទាំងនេះអាចប៉ះពាល់ចំពោះសុខភាព ។

បើយោងទៅតាមការសិក្សាមួយដែលមានចំណងជើងថា “Alarm tones music and their elements” ដែលត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ RMIT នៃប្រទេសអូស្ត្រាលី បានរកឃើញថា ការកំណត់នាឡិការោទិ៍ដោយសំឡេងខ្លាំងៗ ឬសំឡេងរន្ធត់ បែបពញ្ញាក់ស្មារតី គឺពិតជាបានផ្ដល់នូវផលប៉ះពាល់ចំពោះសុខភាពយ៉ាងខ្លាំង ។ ដោយការដាក់នូវសំឡេងនាឡិការោទ៍ខ្លាំងៗនៅពេលព្រឹកព្រលឹមទាំងអស់នេះ ត្រូវបានគេរកឃើញថា វាអាចធ្វើឲ្យអ្នកនៅតែមានអារម្មណ៍ថាងងុយដេកទោះបីជាអ្នកភ្ញាក់ពីដំណេកទៅហើយក្ដី ជាងនេះទៅទៀតវាក៏ធ្វើឲ្យមានអ្នកមានអារម្មណ៍ថា អស់កម្លាំង មិនស្រួលខ្លួន ក៏ដូចជាការបំផ្លាញស្មារតីនិងអារម្មណ៍របស់អ្នកក្នុងការផ្ដោតអារម្មណ៍ប្រកបការងារ ឬរៀនសូត្រពេញមួយថ្ងៃផងដែរ ។

ជាមួយគ្នានេះបើយោងទៅតាមការស្រាវជ្រាវមួយដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី PLOS ONE បានបង្ហាញឲ្យដឹងថា ប្រសិនជាអ្នកប្ដូរមកជ្រើសរើសការប្រើប្រាស់នាឡិការោទិ៍បែបស្រទន់ ឬតន្រ្តីបែបមនោសញ្ចេតនាវិញនោះ វាអាចនឹងធ្វើឱ្យអ្នកភ្ញាក់ពីដំណេកបន្តិចម្តងៗរួមជាមួយអារម្មណ៍ល្អ និងមិនមានអារម្មណ៍ភ័យតក់ស្លុត ឬ ងងុយដេកទៀតនោះទេ ។
លើសពីនេះទៅទៀត សំឡេងនាឡិការោទ៍ដែលស្រទន់ ឬបែបរ៉ូមែនទិច គឺពិតជាអាចធ្វើឲ្យខួរក្បាលរបស់យើងភ្ញាក់ពីដំណេកបន្តិចម្តងៗ រហូតដល់យើងអាចភ្ញាក់ឡើង ជាមួយនឹងអារម្មណ៍ស្ងប់ និងស្រស់ស្រាយជាងមុន ព្រមទាំងល្អចំពោះផ្លូវអារម្មណ៍របស់អ្នកពេញមួយថ្ងៃផងដែរ៕11 Tricks for Waking Up Early in the Morning | Everyday Health