ភ្នំពេញ៖ តៃកុងឡានម្នាក់ ត្រូវបានខ្មាន់កាំភ្លើងជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ជនរងគ្រោះមានឈ្មោះ គង់ សុខ អាយុ៤៤ឆ្នាំ មានមុខរបរតៃកុងឡាន មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ ខណៈករណីផ្ទុះអាវុធនេះភ្នាក់ងារព័ត៌មាន KBN បានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់គឺជាអង្គរក្សបម្រើការឲ្យលោកឧកញ៉ា លឹម ប៊ុនសួរ ចំណែកជនរងគ្រោះគឺជាអ្នកបើករថយន្ដឲ្យលោកឧកញ៉ាដូចគ្នា។

យ៉ាងណាមិញសេចក្ដីរាយការណ៍ជំហ៊ានដំបូងអះអាងថា ខ្មាន់កាំភ្លើងបានបាញ់រះទៅជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕