រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុងវ៉ាស៊ីនតោន និង ប៉េកាំង បានចាប់ផ្ដើម មានភាពតាន់តឹងដាក់គ្នា លើបញ្ហាការធ្វើពាណិជ្ជកម្ម ក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី ប៉ុន្ដែរហូតមកដល់ពេលនេះ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏នៅតែលើកឡើង ពីការព្រួយបារម្ភ អំពីគោលនយោបាយ មិនមានភាពស្មោះត្រង់ និង មិនមែនជាទីផ្សាររបស់ចិន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែកក្កដា ថា លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង លោក លីវ ហេ (Liuv He) ឧបនាយករដ្ឋមន្រ្ដីចិន បានពិភាក្សាគ្នា អំពីបញ្ហាសេដ្ឋកិច្ច ដោយរួមបញ្ចូលទាំងពាណិជ្ជកម្មអន្ដរជាតិ និង សង្វាក់ផ្គត់ផ្គង់។ ការចរចារបស់មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក និង ចិន បានកើតឡើង ស្របពេលរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែពិចារណា អំពីការទម្លាក់ពន្ធ លើទំនិញរបស់ចិន ដើម្បីទប់ទល់នឹងអតិផរណា ដែលកំពុងកើនឡើង។

ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា នៅក្នុងជំនួបជាមួយសមភាគីចិន កាលពីថ្ងៃអង្គារ លោកស្រី Yellen បានលើកឡើង ពីការព្រួយបារម្ភ ជុំវិញគោលនយោបាយសេដ្ឋកិច្ច «មិនស្មើភាព និង មិនមែនទីផ្សារ» របស់ប្រទេសចិន និង សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា អំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ចំពេលមានការកើនឡើងតម្លៃទំនិញ និង បញ្ហាប្រឈមសន្តិសុខស្បៀង ខណៈក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានរៀបរាប់ថា «នេះជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហ»៕