រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ អស់រយៈពេលជាង៤ខែកន្លងមកនេះ កម្លាំងទាហានរបស់រុស្ស៊ី បានបន្ដដណ្ដើម កាន់កាប់បានទីក្រុងលីស៊ីចាន់ស្ក៍ ស្ថិតនៅតំបន់លូហានស្ក៍ នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៤ ខែកក្កដា ថា កងទ័ពអ៊ុយក្រែន បានអះអាងថា ទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ស្ថិតនៅភាគខាងកើត ប្រទេស បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា «ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនោះ ដើម្បីការពារទីក្រុងលីស៊ីចាន់ស្ក៍ អស់រយៈពេលជាច្រើនសប្ដាហ៍នោះមក កម្លាំងការពារទឹកដីអ៊ុយក្រែន បានបង្ខំចិត្ត ដកចេញពីមូលដ្ឋាន និង សមរភូមិគ្រប់គ្រងរបស់ពួកគេ»។

លោក ស៊ើរជេ សូអ៊ីហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានអះអាងមុននេះថា កម្លាំងទាហានរបស់គាត់ បានដណ្ដើមកាន់កាប់ទីក្រុងលីស៊ីចាន់ស្ក៍ ហើយបានគ្រប់គ្រងតំបន់លូហានស្ក៍ (Luhansk) ទាំងស្រុងហើយ។

នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ទៀតថា «ដើម្បីរក្សានូវអាយុជីវិតរបស់កម្លាំងការពាររបស់អ៊ុយក្រែន ទើបមានការសម្រេចចិត្ត ឲ្យដកចេញពីសមរភូមិ នៅទីនោះ។ រុស្ស៊ី មានគ្រឿងចម្បាំងទំនើបៗ រួមមាន កាំភ្លើងធំ យន្ដហោះចម្បាំង កម្លាំងមនុស្ស និង កម្លាំងផ្សេងៗទៀត»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានសន្យាថាកងកម្លាំងអ៊ុយក្រែន នឹងត្រឡប់ទៅទីក្រុង Lysychansk វិញ ។ ទោះជាយ៉ាងណា ក៏លោកអរគុណចំពោះយុទ្ធសាស្ត្ររបស់ពួកគេ និង «អរគុណចំពោះការបង្កើននូវការផ្គត់ផ្គង់អាវុធទំនើបៗ ពីបស្ចិមលោក និង ដៃគូ»៕