រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយអស់រយៈពេលជាង៤ខែកន្លងមកហើយ នៅតែមិនទាន់មានពន្លឺសន្ដិភាព ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដឥតមានពេលស្រាកស្រាន្ដនោះ សហរដ្ឋអាមេរិក បានបន្ដបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែម មានទំហំ ៨២០លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន។

បើតាមគេហទំព័រ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ថា នៅរសៀលនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DoD) បានប្រកាស អំពីជំនួយសន្ដិសុខបន្ថែម មានទំហំទឹកប្រាក់ ចំនួន៨២០លានដុល្លារ ជួយដល់អ៊ុយក្រែន។ ជំនួយទាំងនេះ រាប់បញ្ចូលទាំងទាំងការអនុញ្ញាត ពីការដកប្រាក់ពីប្រធានាធិបតី ជុំវិញជំនួយសន្តិសុខ មានតម្លៃ រហូតដល់៥០លានដុល្លារ ក៏ដូចជា ៧៧០លានដុល្លារ នៅក្នុងមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI) ផងដែរ។

មន្ទីរបញ្ចកោណអាមេរិក បានឱ្យដឹងថា នៅក្នុងកញ្ចប់ជំនួយយោធាទាំងនោះ ក៏រាប់បញ្ចូលទាំង គ្រាប់រ៉ុក្កែតបន្ថែម សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, ប្រព័ន្ធមីសស៊ីលការពារដែនអាកាស NASAMS ចំនួន២គ្រឿង, គ្រាប់កាំភ្លើងផ្លោងចំនួន ១៥០ ០០០គ្រាប់ និងប្រព័ន្ធរ៉ាដាទប់ទល់នឹងកាំភ្លើងធំ ចំនួន៤គ្រឿង។

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយសន្ដិសុខ សរុប ៧,៦ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីលោក ចូ បៃដិន (Joe Biden) បានឡើងកាន់អំណាច ដោយក្នុងនោះទឹកប្រាក់ ៦,៩ពាន់លានដុល្លារ គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្ដែគិតចាប់តាំងពីឆ្នាំ២០១៤ រហូតមក សហរដ្ឋអាមេរិក បានថវិកាជាង ៨,៨ពាន់លានដុល្លារ លើជំនួយសន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែន៕