រដ្ឋធានីកូឡុំបូ៖ ស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីប្រទេសនៅលើកោះ នៃអាស៊ីខាងត្បូងមួយនេះ បានទទួលឯករាជ្យ ពីចក្រភពអង់គ្លេស នៅក្នុងអំឡុងឆ្នាំ១៩៤៨ ហើយបច្ចុប្បន្ន អតិផរណាកើនឡើង រហូតដល់ជាង៥០ភាគរយ ខណៈប្រទេសមួយនេះ កំពុងតែប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ។

សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែកក្កដា ថា អតិផរណារបស់ប្រទេសស្រីលង្កា បានឈានដល់កំណត់ត្រាទី៩ជាប់ៗគ្នា នៅក្នុងខែមិថុនា។ ទិន្នន័យផ្លូវការ បានបង្ហាញ កាលពីថ្ងៃសុក្រ ទី១ កក្កដា កើនឡើងដល់៥៤,៦ភាគរយ ក្នុងមួយថ្ងៃ ក្រោយពេលមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF បានស្នើសុំឱ្យប្រទេសដែលបានប្រកាសក្ស័យធនមួយនេះ ត្រូវតែគ្រប់គ្រងតម្លៃទំនិញ និង អំពើពុករលួយឡើងវិញ។

បើតាមនាយកដ្ឋានជំរឿន និង ស្ថិតិ បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលការកើនឡើង នៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ នៅក្នុងរដ្ឋធានីកូឡុំបូ (CCPI) ធ្វើឲ្យប៉ះពាល់ដល់ចំណុចសំខាន់ផ្លូវចិត្ត។

លោក ស្ដែវ ហានខេ (Steve Hanke) សេដ្ឋវិទូ នៃសកលវិទ្យាល័យចនស៍ ហូប
ឃីនស៍ (Johns Hopkins) ដែលតាមដាន អំពីការកើនឡើង នៃតម្លៃទំនិញ នៅក្នុងបញ្ហារបស់ពិភពលោក បានអះអាងថា បច្ចុប្បន្ន អតិផរណា នៅក្នុងប្រទេសស្រីលង្កា កើនដល់១២៨ភាគរយ។ បើតាមទិន្នន័យនេះ បានធ្វើឲ្យប្រទេសដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ មានអតិផរណាខ្ពស់បំផុតលំដាប់លេខ២ បន្ទាប់ពីប្រទេសហ្ស៊ីមបាវ៉េ មានអតិផរណា រហូតដល់ ៣៦៥ភាគរយ។

ដោយសារតែប្រឈមមុខនឹងកង្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរបំផុតបែបនេះ ទើបស្រីលង្កាកំពុងពិចារណាមើល អំពីការបិទស្ថាប័នរបស់រដ្ឋ ដែលមិនសូវសំខាន់ រយៈពេល២សប្តាហ៍ រួមជាមួយនឹងការបិទសាលារៀន ដើម្បីកាត់បន្ថយនូវការធ្វើដំណើរ។

បច្ចុប្បន្ន ប្រជាជន ចំនួន២២លាននាក់ នៃប្រទេសស្រីលង្កា បាន និង កំពុងតែស៊ូទ្រាំយ៉ាងលំបាកជាមួយនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរលើគ្រឿងផ្គត់ផ្គង់សំខាន់ៗប្រចាំថ្ងៃ រួមមាន ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំពេទ្យ អស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ដោយឡែក ការតវ៉ាកំពុងបន្តនៅខាងក្រៅការិយាល័យរបស់ប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដោយទាមទារឱ្យគាត់ លាលែងចេញពីតំណែង ជុំវិញភាពចលាចលខាងសេដ្ឋកិច្ច មិនធ្លាប់មានពីមុនមក និង ការគ្រប់គ្រង មិនត្រឹមត្រូវរបស់គាត់។

ប្រទេសស្រីលង្កា កាលពីអំឡុងខែមេសា បានទៅជួបមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ក្រោយពេលប្រទេសនេះ បានវណ្ឌកនឹងបំណុលបរទេស រហូតដល់៥១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕