ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងតារាសម្ដែងប្រុស Weir SoKullawat ដោយហ្វេនៗតែងតែតាមដានអំពីជីវិតគូស្នេហ៍ថ្មីរបស់លោក បន្ទាប់ពីបែកបាក់ស្នេហាចាស់ជាមួយ Balla Ranee អស់រយៈពេល៧ខែមកហើយ។ ស្រាប់តែថ្មីៗនេះ Weir បានប្រកាសជាផ្លូវការអំពីគម្រោងរៀបការជាមួយគូស្នេហ៍ថ្មីដែលទើបតែបានបង្ហាញឱ្យមហាជនស្គាល់មិនដល់កន្លះខែផង។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងក្លាយជារឿងដ៏គួរឱ្យរំភើបសម្រាប់តារាសម្ដែងប្រុស Weir ក្រោយ ពីគ្រួសាររបស់លោកបានបង្ហាញនូវវត្តមានរបស់នារីដ៏ស្រស់ស្អាតម្នាក់ស្ថិតនៅក្រៅរង្វង់សិល្បៈមានឈ្មោះថាVicky កាលពីថ្ងៃទៅ២០ ខែមិថុនាថ្មីៗនេះឱ្យគ្រប់គ្នាបានស្គាល់។ ដោយនាងត្រូវបានគេដឹងជាគូស្នេហ៍ថ្មីរបស់តារាប្រុសWeir ព្រមទាំងបានធ្វើឱ្យមហាជន មានការសង្ស័យ និងពាក្យលេចឮថាលោកកំពុងតែត្រៀមខ្លួនចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញស្រាប់តែកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តារាសម្តែងដ៏ល្បី Weir បានផ្តល់បទសម្ភាសន៍ដើម្បីសារភាពថាលោកពិតជាកំពុងរៀបចំខ្លួនរៀបការពិតមែន ដែលគម្រោងរៀបការគ្រោងធ្វើនៅពាក់កណ្តាលខែកក្កដា នៅថ្ងៃទី ១៧ ឆ្នាំ២០២២ឆាប់ៗនេះ។ ក្នុងនោះលោកក៏បានបញ្ជាក់ថា ការប្រព្រឹត្តិថ្ងៃរៀបការដ៏ឆាប់រហ័សបែបនេះក៏ព្រោះតែអាយុកាន់តែច្រើន ហើយលោកត្រៀមខ្លួនរួចជាស្រេច និងបានគ្រោងទុកថាវាជាវ័យត្រឹមត្រូវអាចសាងគ្រួសារបាន មិនតែប៉ុណ្ណោះស្នេហាលើកនេះ គឺល្អបំផុតសម្រាប់លោកផ្ទាល់។ លើស ពីនេះWeir បានបន្ថែមផងដែរថា មិត្តស្រី Vicky គឺជាមនុស្សល្អឥតខ្ចោះ នៅពេលទទួលបានព័ត៌មានជាញឹកញាប់ទាក់ទងនឹងនាង Vicky មិនសូវស៊ាំ ឬមានអារម្មណ៍ស្ទ្រេសនោះទេ ព្រោះតែនាង មិនស្ថិតនៅក្នុងរង្វង់វិស័យសិល្បៈ។

ទោះជាយ៉ាងណាការប្រកាសរៀបការចេញពីមាត់របស់ Weir បានធ្វើឱ្យមហាជន ស្ទើរតែមិន ជឿថាស្នេហាដែលលោកទើបតែសាងថ្មីៗ បែរក្លាយជាស្នេហាពិត ឈានដល់ការចាប់ដៃគ្នាចូលរោងការបែបនេះ ប៉ុន្តែអ្នកគាំទ្រនៅតែត្រេកអរជំនួស ក៏ដូចជាជូនពរឱ្យអ្នកទាំងពីរទទួលបាននូវសុភមង្គលក្រោយថ្ងៃរៀបការ៕ ប្រភព៖ news.ch7