ប្រទេសថៃ៖ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ លោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហើបថា ការនាំចេញផលិតផលរបស់ថៃក្នុងខែឧសភា ឆ្នាំ២០២២ បានកើនឡើង ១០.៥ភាគរយ គិតជាទឹកប្រាក់ ២៥,៥០៩ លានដុល្លារអាមេរិក ដែលលើសពីទីផ្សាររំពឹងទុកពី ៦.៥ ទៅ ៨.១ភាគ។

ទាក់ទងនឹងកំណើននេះផងដែរ ត្រូវបានគេរាយការណ៍ថាការនាំចេញសរុបសម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ចាប់ពីខែ មករា ដល់ខែ ឧសភា កើនឡើង ១២.៩ភាគរយ ក្នុងតម្លៃ ១២២.៦៣១ លានដុល្លារអាមេរិក ខណៈការនាំចូលក៍មានការកើនឡើង ២០.២ភាគរយ មានតម្លៃ ១២៧.៣៥៨លានដុល្លារអាមេរិក។

ក្នុងនោះរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា សម្រាប់ការនាំចេញក្នុង ខែឧសភាកន្លងទៅនេះ នៅតែពង្រីកបានល្អគ្រប់ប្រភេទ ទាំងផលិតផលកសិកម្ម និងផលិតផលកសិឧស្សាហកម្ម ដោយ៖

-ផលិតផលកសិកម្មបានកើនឡើង ២១,៥ភាគរយ ដែលមានតម្លៃ ៣.១៦៧ លានដុល្លារ ក្នុងនោះមានកសិផលនាំចេញល្អបំផុតរួមមាន ដំឡូងមី មង្ឃុត ម្នាស់ ទុរេន អង្ករ និងជ័រកៅស៊ូជាដើម។

ផលិតផលកសិឧស្សាហកម្មបានកើនឡើង ៣២.៧ភាគរយ ដែលមានតម្លៃ ២.១៤៣ លានដុល្លារ មានការនាំចេញដ៏ច្រើនដូចជា ស្ករកំប៉ុង និងអាហារសមុទ្រកែច្នៃ ព្រមទាំងអាហារសត្វចិញ្ចឹម។

ផលិតផលឧស្សាហកម្មកើនឡើង ៤.២ភាគរយ ក្នុងតម្លៃ ១៨,៧២៩ លានដុល្លារ មានដូចជាឧបករណ៍ និងសមាសធាតុ ត្បូង និងគ្រឿងអលង្ការ ផលិតផលដែក និងគ្រឿងម៉ាស៊ីន ទំនិញទាក់ទងនឹងប្រេង ផលិតផលកៅស៊ូ និងបន្ទះសៀគ្វី។

យ៉ាងណាមិញការនាំចេញក្នុងខែឧសភា ឆ្នាំ២០២២នេះមានការលូតលាស់ និងរីកចម្រើនទៅមុខមាន កត្តាសំខាន់ៗដូចខាងក្រោម៖

១.គោលនយោបាយជំរុញការនាំចេញកសិផល និងផលិតផលអាហារ-ភេសជ្ជៈ ជោគជ័យក្នុងទីផ្សារផងដែរ ជាពិសេសការនាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន។

២.ការដាក់តាំងពិព័រណ៍អាហាររបស់កម្មវិធី FEX របស់ថៃដ៏ជោគជ័យ – ANUCA Asia ២០២២ ដែលបង្កើតឡើងដើម្បីលើកស្ទួយផលិតផលក្នុងប្រទេសថៃ។

៣. ការពន្លឿនការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំង FTA និង Mini FTA របស់ថៃ

៤. ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចពិភពលោកជាមួយនឹងការកើនឡើងនៃតម្រូវការផលិតផលម្ហូបអាហារ ជា លទ្ធផល ថៃ នាំចេញផលិតផលអាហារបាន ល្អ និងច្រើន។

៥.ប្រាក់បាតធ្លាក់ថ្លៃ នេះអនុញ្ញាតឱ្យផលិតផលថៃ អាចប្រកួតប្រជែង តម្លៃបានល្អ ជាងប្រទេសដទៃទៀត៕ ប្រភព៖ Sanook