រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ (RTAF) កាលពីថ្ងៃទី៣០ ខែមិថុនា បានបញ្ចេញយន្ដហោះចម្បាំង ចំនួន២គ្រឿង ប្រភេទ F-16 នៅតាមព្រំដែនខេត្តតាក (Tak) ក្រោយពេលយន្ដហោះចម្បាំងរបស់មីយ៉ាន់ម៉ា បានហោះរំលោភ ចូលមកលើដែនអាកាសរបស់ខ្លួន។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ថា លោក ប្រាប៉ាស សុនចៃដេ (Prapas Sonjaidee) អ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ បានបញ្ជាក់ថា អង្គភាពយោធា ក្រោមបញ្ជាពីកងទ័ពអាកាស បានរាយការណ៍ថា យន្ដហោះចម្បាំងរបស់មីយ៉ាន់ម៉ា បានហោះឆ្លងចូលមកលើដែនអាកាសរបស់ថៃ កាលពីវេលាម៉ោង១១ និង១៦នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា នៅក្នុងស្រុកភូមហ្វ្រា (Phop Phra) ។

អ្នកនាំពាក្យកងទ័ពអាកាសភូមិន្ទថៃ បានបន្ថែមថា យន្តហោះចម្បាំងរបស់មីយ៉ាន់ម៉ានោះ បានបើកការវាយប្រហារ នៅតាមផ្លូវអាកាស ប្រឆាំងទៅលើក្រុមឧទ្ទាមជនជាតិភាគតិច នៅក្នុងប្រទេសភូមា នៅតាមព្រំដែន ហើយក៏បានរំលោភ ចូលមកលើដែនអាកាសថៃ មុនពេលយន្ដហោះ បាត់ពីប្រព័ន្ធរ៉ាដារបស់កងទ័ពអាកាសភូមិន្ទថៃ។ បន្ទាប់មក កងទ័ពអាកាសថៃ បានបញ្ចេញយន្ដហោះចម្បាំង ចំនួន២គ្រឿង ប្រភេទ F-16 ហោះល្បាត តាមដែនអាកាស នៅលើព្រំដែនរបស់ស្រុកនោះ។

ប្រភពព័ត៌មាន បានអះអាងថា នាយករដ្ឋមន្ត្រីថៃ និង ជារដ្ឋមន្ត្រីការពារជាតិ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយជាមួយមេទ័ពអាកាសថៃ លោក ណាផាដេ ធូផាតេមីយ៉ា (Napadej Dhupatemiya) អំពីការរំលោភមកលើដែនអាកាសនេះ ហើយបានស្នើឱ្យកងទ័ពអាកាស ដាក់ការតវ៉ា តាមរយៈក្រសួងការបរទេស និង អនុពន្ធយោធា ប្រចាំនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។

ក្រោយមកមេទ័ពអាកាសថៃ លោក Napadej ក៏បានហៅទូរស័ព្ទ ទៅកាន់សមភាគីភូមា តវ៉ាជុំវិញឧបទ្ទវហេតុនេះ។ ចំណែកមេទ័ពអាកាសមីយ៉ាន់ម៉ា ក៏បានសុំទោស ហើយសន្យាថា នឹងមានមានហេតុការណ៍បែបនេះ កើតឡើងបន្ដទៀតនោះឡើយ៕