រដ្ឋធានីមូស្គូ៖ ឥទ្ធិពលនៃសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន អស់រយៈពេលជាង៤ខែកន្លងមកនេះ កំពុងតែធ្វើឲ្យពិភពលោក ប្រឈមមុខនឹងវិបត្ដិស្បៀងអាហារយ៉ាងខ្លាំង ហើយមនុស្ស១៨១លាននាក់ រស់នៅក្នុងប្រទេសចំនួន៤១ នឹងធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស ទើបមេដឹកនាំឥណ្ឌូនេស៊ី ទៅជួបប្រធានាធិបតីរុស្ស៊ី ដើម្បីជំរុញឲ្យមានការធានាដល់សុវត្ថិភាព នៅក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និង ជី នាំចេញពីប្រទេសកំពុងកើតមានជម្លោះនឹងគ្នាទាំង២នេះ។

សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកក្កដា ថា លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា គាត់បានជំរុញឲ្យមេដឹកនាំ G7 ធានាថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី នឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារ និង ជី នៅលើពិភពលោកនោះឡើយ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo បច្ចុប្បន្ន ជាប្រធាន G20 បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បន្ទាប់ពីមានជំនួបកំពូលមួយ នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ថា «ខ្ញុំបានស្នើសុំឲ្យមានការធានាថា ស្បៀងអាហារ នាំចេញពីប្រទេសអ៊ុយក្រែន តាមផ្លូវសមុទ្រ ត្រូវតែមានសុវត្ថិភាព។ ក្រៅពីនេះ ខ្ញុំក៏បានស្នើសុំឱ្យបណ្ដាមេដឹកនាំ G7 ធានាថា ទណ្ឌកម្មរបស់បស្ចិមលោក នឹងមិនមានឧបសគ្គ នៅក្នុងការនាំចេញស្បៀងអាហារ និង ជីនោះឡើយ»។

ប្រធានាធិបតីឥណ្ឌូនេស៊ី បានបន្ថែមថា «ខ្ញុំសង្ឃឹមថា រុស្ស៊ីនឹងមិនបន្តហាមឃាត់ ដល់ការនាំចេញគ្រាប់ធញ្ញជាតិ រួមទាំង អង្ករស្រូវសាលី និង មិនដាក់កម្រិតកូតា លើជីនោះដែរ»។

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង សមភាគីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ក៏បានពិភាក្សាគ្នា អំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែន និង ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ព្រមទាំងជី ចំពេលមានកង្វះខាតស្បៀងអាហារជាសកល។

លោក ពូទីន បញ្ជាក់ថា គាត់បានជូនដំណឹងដល់លោក វីដូដូ ដោយលម្អិត អំពីស្ថានភាពនៅអ៊ុយក្រែន។ និយាយអំពីអតុល្យភាព នៅក្នុងទីផ្សារស្បៀងអាហារពិភពលោកវិញ លោក ពូទីន បានចាត់ទុកបញ្ហានេះថា ជាបញ្ហាជាច្រើនឆ្នាំមកហើយ នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមិនមានការទទួលខុសត្រូវ នៃបណ្ដាប្រទេសលោកខាងលិចមួយចំនួន។

ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការលើកកម្ពស់នូវដំណោះស្រាយ ដោយសន្តិវិធី ជុំវិញវិបត្តិ នៅអ៊ុយក្រែន។ ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បាននាំសារ ពីប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សមភាគីរុស្ស៊ី ហើយគាត់បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបង្កើតទំនាក់ទំនង រវាងមេដឹកនាំ ដែលកំពុងតែឈ្លោះគ្នាទាំងពីរនេះ។

សង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យកើតមានវិបត្តិស្បៀងអាហារ នៅពិភពលោក កាន់តែធ្ងន់ធ្ងរឡើង ហើយធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជី កាន់តែឡើងថ្លៃ។ ប្រទេសរុស្ស៊ី និង អ៊ុយក្រែន តែងតែផ្គត់ផ្គង់អង្ករស្រូវសាលី ជិត១ភាគ៣ នៃការផ្គត់ផ្គង់ស្រូវសាលី នៅលើពិភពលោក ខណៈរុស្ស៊ី ក៏ជាប្រទេសនាំចេញជី ដ៏ធំមួយ នៅលើផែនដីនេះ ហើយអ៊ុយក្រែន ក៏ជាប្រទេសនាំចេញពោត និង ប្រេងផ្កាឈូករ័ត្នដ៏ធំបំផុតមួយផងដែរ។

ចាប់តាំងពីក្រុងមូស្គូ បានធ្វើសង្គ្រាមឈ្លានពាន ប្រឆាំងនឹងក្រុងគៀវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ នោះមក ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ចេញពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ បានជាប់គាំង ខណៈគ្រាប់ធញ្ញជាតិរាប់លានតោន ត្រូវជាប់គាំង នៅក្នុងស៊ីឡូ។ ដោយឡែក ក្រុងមូស្គូ បានអះអាងថា ទំនួលខុសត្រូវ គឺស្ថិតនៅលើរដ្ឋាភិបាលក្រុង គៀវ (Kyiv) មិនព្រមដោះមីន ចេញពីកំពង់ផែសមុទ្រ ដើម្បីរំដោះផ្លូវដឹកជញ្ជូន ទៅកាន់ពិភពលោក៕