ភ្នំពេញ៖ លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលគេស្គាល់ថាជាអ្នកផលិតនិងគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះមួយនៅក្នុងស្ថានីយទូរទស្សន៍ CTN បានលាឈប់ពីក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនមេ របស់ CTN។ ទោះជាយ៉ាងណា តាវិចទ័រ មិនបានបញ្ជាក់ពីមូលហេតុនៃការលាឈប់ពីស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះឡើយ តែមហាជនបានប៉ាន់ប្រមាណថា ប្រហែលជាមានបញ្ហាការមិនពេញចិត្តថ្នាក់ដឹកនាំថ្មី ដូចនាយពែកមីដែរមើលទៅ។

សូមបញ្ជាក់ផងដែរថា កាលពីប្រមាណជាងមួយខែមុន នាយពែកមី បានលាឈប់ពីស្ថានីយទូរទស្សន៍ CTN ដូចគ្នាដោយបានបញ្ជាក់ពីបញ្ហាមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ជាសាធារណៈតែម្តង។

ជាមួយគ្នានេះដែរ តារាកំប្លែងនាយ ក្រូច ក៏បានសម្រេចដើរចេញពីស្ថានីយ៍ទូរទស្សន៍CTN ហើយទីដែលលោកធ្លាប់កសាងភាពល្បីល្បាញ ក្នុងអាជីពសិល្បៈប្រមាណជាង១០ឆ្នាំមកនេះ។ ការសម្រេចដើរចេញពីនាយ ក្រូច នាពេលនេះធ្វើឡើង បន្ទាប់ពីតារាកំប្លែង នាយ ពាក់ មី ដែលជាអ្នកកំប្លែងរួមក្រុមក៏បានសម្រេចលាឈប់ពី CTN ដូចគ្នា។

បើយោងតាមវីដេអូខ្លីមួយដែលបានបង្ហោះតាមហ្វេសប៊ុក នាយ ក្រូច បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដែលខ្ញុំបានចាកចេញពីក្រុមហ៊ុន CBS ហើយ ហើយក៏ជាថ្ងៃដែលខ្ញុំមកបញ្ចប់កុងត្រាជាផ្លូវការនៅទីនេះដែរ។
លោកថា ប្រសិនបើខ្ញុំទៅទីណាទៀត ចាំបងប្អូនទស្សនាវីដេអូក្រោយទៀត ហើយថ្ងៃនេះដែរខ្ញុំបានយកកុងត្រា កាត និងស្លាកលេខចេញចូលCTN អោយគេវិញអស់ហើយ ៕