មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង សម្រាប់ម្ចាស់ផ្ទះមួយកន្លែងដែលអះអាងថារស់នៅជាង៩ឆ្នាំ មកហើយ ស្រាប់តែគាល់កញ្ចក់បន្ទប់ទឹកឃើញនូវគ្រោងឆ្អឹងខ្មោចគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែចុងក្រោយទើបដឹងការពិតថាវាជារបស់ម្ចាស់ផ្ទះដែលរស់នៅមុនដាក់សម្រាប់បន្លាចលេងសើចជាមួយអ្នកដែលមករស់នៅក្រោយក្នុងផ្ទះនេះ។
កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះមាននារីម្នាក់ដែលជាម្ចាស់ផ្ទះមួយកន្លែងនៅក្នុងប្រទេសកាណាដាមានឈ្មោះថា Keleigh នាងបានធ្វើឱ្យមហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបានបង្ហោះពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្ត ក្រោយពីឪពុករបស់នាងបានរុះរើកញ្ចក់ក្នុងបន្ទប់ទឹកដើម្បីជួសជុលក្នុងផ្ទះដែលគ្រួសាររបស់នាងបានរស់នៅអស់រយៈពេល៩ឆ្នាំមកហើយ។ ក្នុងនោះស្រាប់តែបានឃើញនូវគ្រោងឆ្អឹងមនុស្សដ៏អាថ៌កំបាំងនៅពីក្រោយកញ្ចក់នោញគួរព្រឺឆ្អឹងខ្នង និងស្ទើរតែមិនគួរឱ្យជឿនឹងភ្នែក ហើយ Keleigh ក៏បានបញ្ជាក់ថានាងមិនចង់ជឿទេថាខ្លួនរស់នៅ និងបានប្រើប្រាស់បន្ទប់ទឹកដែលមានគ្រោងឆ្អឹងមនុស្សសម្លឹងមកនាងរាល់ថ្ងៃ។ ប៉ុន្តែអ្វីដែលហួសចិត្តជាងនេះនៅពេលដែល Keleigh និងក្រុមគ្រួសាររបស់នាងដឹងការពិតថា គ្រោងឆ្អឹងនេះជារបស់ក្លែងក្លាយនោះទេក្រោយពីបានពិនិត្យមើល ដោយឆ្អឹងក្លែងក្លាយនេះត្រូវបានគេស្លៀកពាក់ឱ្យយ៉ាងស្អាត ហើយក្នុងហោប៉ៅខោនោះមានសំបុត្រមួយច្បាប់បានសរសេររៀបរាប់ថា “ហាហា តើខ្ញុំធ្វើឱ្យអ្នកខ្លាចទេ? ពីខ្ញុំ Jason Lane ឆ្នាំ២០១៣” បន្ទាប់ពីបានអានសំបុត្រនេះហើយកាន់តែដឹងច្បាស់ថាគ្រោងឆ្អឹងក្លែងក្លាយនេះគ្រាន់តែជាការដាក់បន្លាចលេងសើចរបស់ម្ចាស់ផ្ទះមុនតែប៉ុណ្ណោះ មុននឹងគេបានចាកចេញពីផ្ទះមួយនេះ។
យ៉ាងណាមិញបន្ទាប់ពីបានបង្ហោះនូវរឿងរ៉ាវមួយនេះរួចមក ក៏មានបុរសម្នាក់បានអះអាងថាខ្លួនជាប្អូនប្រុសរបស់ Jason Lane ដែលជាម្ចាស់ផ្ទះមុនបានដាក់គ្រោងឆ្អឹងក្លែងក្លាយនេះទុកមុននឹងបានផ្លាស់ទៅនៅ British Columbia៕