សហរដ្ឋអាមេរិក៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍មកថា តុលាកាបានសម្រេចកាត់ទោលឱ្យតារាចម្រៀងប្រុសដ៏ល្បីមួយរូបលោក Robert Sylvester Kelly មានវ័យ ៥៥ឆ្នាំ ដោយសម្រេចឱ្យជាប់ពន្ធធនាគាររយៈពេល៣០ឆ្នាំ ពីបទជួញដូរមនុស្សសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារី និងស្ត្រី។

ការសម្រេចក្ដីមួយនេះបានធ្វើឡើង ក្រោយពីគណៈវិនិច្ឆ័យនៃតុលាការក្នុងតំបន់ភាគខាងកើតនៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរកឃើញថាលោក Kelly មានពិរុទ្ធពីបទជួញដូរមនុស្សសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារី និងស្ត្រី កាលពីខែកញ្ញា ឆ្នាំ ២០២១។ ក្នុងនោះសម្រាប់សវនាការចុងឆ្នាំ ២០២១  គេបានរាយការណ៍ថាសាក្សីចំនួន ១១ នាក់ ស្ត្រី ៩ នាក់ និងបុរស ២ នាក់ បានផ្តល់សក្ខីកម្មក្នុងអំឡុងពេលសវនាការរយៈពេល ៦ សប្តាហ៍ ដោយលើកឡើងពីអំពើហឹង្សា និងការបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ពីសំណាក់តារាចម្រៀងលោក Kelly។ ជាមួយគ្នានោះផងដែរ មានស្ត្រីម្នាក់ដែលត្រូវបានលោក Kelly បៀតបៀនផ្លូវភេទ បានថ្លែងក្រោយសាលក្រមថា គាត់សង្ឃឹមថា លោក Kelly នឹងត្រូវស្លាប់ព្រោះទង្វើរបស់លោកដែលបានធ្វើយ៉ាងឃោរឃៅដាក់ជនរងគ្រោះទាំងអស់គ្នា។

បន្ទាប់មក គណៈវិនិច្ឆ័យបានចំណាយពេលពីរថ្ងៃនៃការកាត់ក្តី ហើយបានសន្និដ្ឋានថាលោក Kelly ពិតជាមានពិរុទ្ធពីបទចោទប្រកាន់សរុបចំនួន ៩ករណី ខណៈលោក Kelly បានទទូចបដិសេធការចោទប្រកាន់ទាំងនេះ។

ទោះជាយ៉ាងណាចៅក្រម Ann Donnelly បាននិយាយថា តារាចម្រៀងរូបនេះមិនចាប់អារម្មណ៍នឹងការឈឺចាប់របស់ជនរងគ្រោះនោះទេ ព្រមទាំងមិនទទួលកំហុសទាំងអស់ ទើបបានសម្រេចកាត់ទោស លោក Kelly ឱ្យជាប់គុករយៈពេល៣០ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្នុងជីវិតរបស់តារាចម្រៀង  Kelly បានចាប់ផ្ដើមលេចធ្លោឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ជាមួយនឹងបទចម្រៀង “Ignition” និង “I Believe I Can Fly” ឆ្នាំ ២០០៤ ៕ ប្រភព៖ Khaosod