ប្រទេសថៃ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ក្រោយពីមានបុរសម្នាក់បានដាក់លក់កញ្ឆានៅតាមដងផ្លូវទីសាធារណៈស្រែកអំពាវនាវនិយាយពីគុណសម្បត្តិរបស់វា រហូតទទួលបានការរិះគន់ជាខ្លាំងពីសំណាក់មហាជនជាច្រើន។

ទាក់ទងនឹងបញ្ហានេះផងដែរ វាពិតជារឿងដ៏ក្ដៅគគុក និងក្លាយជាប្រធានបទរបស់មហាជនយកមកនិយាយ ក្រោយពីមានឃ្លីបវីដេអូមួយបានបង្ហោះពីសកម្មភាពបុរសម្នាក់បានដាក់លក់កញ្ឆានៅលើតុតាមផ្លូវសាធារណៈ រួចស្រែកអំពាវនាវលក់ ព្រមទាំងនិយាយពីគុណសម្បត្តិរបស់កញ្ឆាពេលដែលប្រើប្រាស់ ដូចជាស្រែកអំពាវនាវថា ពេលដែលជក់វាហើយមានរសជាតិឆ្ងាញ់ និងមានក្លិនឆ្ងុយជាដើម។ ការដាក់លក់ដោយសេរីនេះ បន្ទាប់ពីមានការចុះបញ្ជីពីការដាក់”កញ្ឆា” ជារុក្ខជាតិស្របច្បាប់ក្នុងប្រទេសថៃ កាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ។

យ៉ាងណាមិញសកម្មភាពដាក់លក់កញ្ឆាដោយសេរីនៅតាមដងផ្លូវសាធារណៈបែបនេះបានក្លាយជារឿងដ៏ក្ដៅគគុកសម្រាប់ប្រជាជនថៃមួយចំនួន ដោយបានធ្វើការរិះគន់ទៅលើបុរសម្នាក់នោះ ជាពិសេសទៅលើរដ្ឋាភិបាល ដោយពួកគេបានបង្ហាញនូវ​ក្ដីបារម្ភជាខ្លាំងថា “សេរីភាវូបនីយកម្មនៃកញ្ឆា គឺក្នុងគោលបំណងដំបូងសម្រាប់ផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាប្រើក្នុងការលាយអាហារសម្រាប់សេដ្ឋកិច្ចតែប៉ុណ្ណោះ  ប៉ុន្តែឥឡូវនេះអ្វីៗ ហាក់ដូចជាខុស និង បំភ្លៃទាំងអស់  រហូតមានចម្ងល់ជាច្រើនអំពីភាពមិនស័ក្តិសម នៃការអនុវត្តច្បាប់ ហើយវាបានប្រែក្លាយទៅជាការលើកកម្ពស់ក្នុងការប្រើប្រាស់កញ្ឆាសម្រាប់មនុស្សទូទៅក្នុងប្រទេសជំនួសទៅវិញ”៕ ប្រភព៖ Sanook