ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីប្រភេទអាជីវកម្មលក់ដូរទំនិញ និងផ្តល់សេវាកម្មអន ឡាញ៦ប្រភេទ ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ ខណៈការអនុវត្តការផាកពិន័យ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។​

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃនេះថា សហគ្រាសឯកបុគ្គលនីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្ម ដើម្បីក្លាយជាអាជីវកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា។

ចំពោះអាជីវកម្ម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យ ជាប្រាក់១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម និងអាចមានការផ្តន្ទាទោសដូច មានចែងក្នុង ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។​

ឯកឧត្តមបានគូសបញ្ជាក់ថា ទន្ទឹមនឹងការតម្រូវឱ្យអាជីវកម្មអនឡាញត្រូវតែចុះបញ្ជី ដំណើរការអាជីវកម្មនោះ ក្រសួងក៏បានពិនិត្យមើលពីប្រភេទអាជីវកម្មមួយចំនួនដែល មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីនោះទេ ដោយអាជីវកម្មតាមអនឡាញ ដែលត្រូវបាន លើកលែងនោះរួមមាន៖ ទី១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវា របស់ខ្លួនដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់កសិផល។ ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មាន ផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះ ក៏មិនចាំបាច់ចុះបញ្ជីនោះដែរ។ ទី៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមាន ផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅ ការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ទី៥. ការលក់ទំនិញជា ស្នាដៃសិល្បៈ។ និងទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់ បង្រៀន ជាសិក្ខាសាលា ជាដើម។

​សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះ បញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់ គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញ។

ដោយតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណវិញ មានតម្លៃ ២០ម៉ឺនរៀល សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ។​ គួរបញ្ជាក់ដែរថា បើមើលពីរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសថា នៅក្នុងរយៈពេល ២ឆ្នាំពេញនេះ ក្រុមហ៊ុនចំនួន ១ម៉ឺន ៤ពាន់ បានចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការអនុម័ត ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់ ៦រយលានដុល្លារអាម៉េរិក ខណៈអ្នកជំនាញសេដ្ឋកិច្ចអះអាងថា ចំនួននេះហាក់នៅ ទាបនៅឡើយ ធៀបនឹងចំនួនអាជីវកម្ម ដែលកំពុងរកស៊ីនៅកម្ពុជា ៕