នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ស្រសួងសុខាភិបាលក្នុងប្រទេសអ៊ីតាលី បានប្រកាសអាសន្ន ព្រមទាំងព្រមានដល់ប្រជាជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនអំពីការឡើងកម្ដៅដ៏ខ្លាំងរហូតដល់ ៤០អង្សាសេ នៅក្នុងទីក្រុងចំនួន១៩។

ទាក់ទងនឹងបញ្ហានេះផងដែរទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី Anza បានរាយការណ៍ថា ក្រសួងសុខាភិបាលអ៊ីតាលី និងឧតុនិយម ប្រកាសអាសន្ន ដាក់ប្រទេសជាចំណុចពណ៌ក្រហម ដោយបានប្រមាន និងបានជំរុញ ឱ្យប្រជាជន និងអាជ្ញាធរដោះស្រាយអំពីអាកាសធាតុក្តៅ ក្នុងទីក្រុងចំនួន ១៩ រួមទាំងទីក្រុង Rome, Florence, Palermo និង Naples ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញក្នុងប្រទេស។ ជាមួយគ្នានោះផងដែរមកដល់ពេលនេះសីតុណ្ហភាពក្នុងទីក្រុងជាច្រើនបានឡើង ដល់ ៤០ អង្សាសេ ដែលជាកម្រិតមួយដ៏ខ្ពស់ជាងសីតុណ្ហភាពកំពូលក្នុងរដូវក្តៅទៅទៀត រហូតវាបានក្លាយជាក្ដីបារម្ភជាខ្លាំងសម្រាប់ប្រជាជនក្នុងប្រទេសអ៊ីតាលី។

ជាមួយគ្នានោះផងដែរប្រទេសអ៊ីតាលីបានប្រឈមមុខនូវរលកកំដៅគ្របដណ្តប់នៅឆ្នាំនេះមានធ្វើឱ្យវិបត្តិគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីមានភ្លៀងតែបន្តិចបន្ទួច និងលក្ខខណ្ឌស្ងួតខ្លាំងក្នុងរដូវរងាកន្លងមក។ដោយក្នុងនោះប្រទេសអ៊ីតាលីធ្លាប់ជួបប្រទះ នឹងការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ធ្វកសិកម្ម ខណៈ ដែលទីភ្នាក់ងារការពារជនស៊ីវិលមិនអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។

លើសពីនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្ពស់ទឹកនៅក្នុងទន្លេពោធិ៍ ដែលជាទន្លេ វែងជាងគេរបស់ប្រទេសនេះមានកម្រិតធ្លាក់ចុះដល់ ៨០ភាគរយ បើធៀបនឹងកម្រិតទឹកធម្មតា៕ ប្រភព៖ Thairath