ប្រទេសថៃ៖ កាលពីថ្ងៃទី ២៧ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីក្រសួងកសិកម្ម បានឱ្យដឹងថា  នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បានចេញនូវគោលនយោបាយថ្មីមួយសម្រាប់ប្រជាកសិករគឺ “ដាំដើមឈើសម្រាប់ប្រាក់កម្ចី” គោលនយោបាយនេះដាក់ចេញក្នុងគោលបំណងឱ្យប្រជាកសិករអាចដាំដើមឈើដែលមានតម្លៃ ដូចជាដើម ទុរេន ដើមខ្នុរ ដើម ebony,ដើម Burmese ebonyជាដើម ដើម្បីដាក់ជាវត្ថុបញ្ចាំក្នុងការខ្ចីប្រាក់ពីធនាគារ។

ទាក់ទងនឹងគោលនយោបាយ  “ដាំដើមឈើសម្រាប់ប្រាក់កម្ចី”នេះផងដែស លោកស្រី Ratchada Thanadirek ជាអ្នកនាំពាក្យរងរដ្ឋាភិបាលបានបញ្ជាក់ថា លោកប្រាយុទ្ធ កំពុងតែជម្រុញ និងពង្រឹងដល់មេដឹកនាំសហគមន៍ជនបទ ដើម្បីពន្យល់ ពីអត្ថប្រយោជន៍ជាមួយនឹងគោលនយោបាយនេះ សម្រាប់ជាការអភិវឌ្ឍន៍ និងបង្ហាញពីអត្ថប្រយោជន៍នៃការដាំដើមឈើដែលមានតម្លៃឱ្យបានច្រើន ក្នុងការមានឱកាសដើម្បីទទួលបានប្រាក់កម្ចី ពីធនាគារ បន្ទាប់ពីពួកគេយកដើមឈើដែលបានដាំនោះទៅបញ្ចាំ។ ដោយដើមឈើដែលអាចបញ្ចាំបានជាដើមឈើដែលមានតម្លៃ ដូចជាដើម ខ្នុរ ដើម ebony,ដើម Burmese ebony និងដើមទុរេនជាដើម។

មិនតែប៉ុណ្ណោះគម្រោងនៃការដាំដើមឈើនេះ ក៏ជាផ្នែកមួយនៃការរួមចំណែកជំរុញឱ្យមានបរិស្ថានល្អ និងប្រែក្លាយប្រទេសទៅជាតំបន់បៃតងក៏ដូចជាមធ្យោបាយក្នុងការដោះស្រាយសម្រាប់ប្រជាពលរដ្ឋក្នុងការងាយស្រួសដល់ការកម្ចីប្រាក់។

ទោះជាយ៉ាងណា បន្ទាប់ពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបង្ហាញពីគោលនយោបាយនេះរួចមក ប្រជាកសិករជាច្រើនពិតជាមានក្ដីរំភើប និងមានចំណាប់អារម្មណ៍ ព្រមទាំងបានគាំទ្រជាមួយនឹងគម្រោងមួយនេះជាខ្លាំង។

គួរបញ្ជាក់កាលពីពេលថ្មីៗនេះ ចំនួនដើមឈើ ១៤៦,០០០ដើម ត្រូវបានចុះបញ្ជីជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ដែលសរុបជាទឹកប្រាក់មានតម្លៃប្រហែល ៣.៨លានដុល្លារ  ដោយក្នុងនោះមានដើមឈើ ៣១៨ដើម បានចុះ បញ្ជីជាមួយធនាគារ កសិកម្ម និង សហករណ៍កសិកម្មសម្រាប់កម្ចីតម្លៃ ប្រហែល ៨ម៉ឺនដុល្លារ ដែលចំនួន ២៣,០០០ ដើម បានចុះជាមួយធនាគារ Krung Thai ក្នុងតម្លៃ ប្រហែល ៣.៦លានដុល្លារ និង ១២០,០០០ដើម  ជាមួយអង្គការហិរញ្ញវត្ថុតម្លៃ ប្រហែល ១៦ម៉ឺនដុល្លារ៕