កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍មកថាស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូលបានព្រមានប្រជាជនថៃហាមកុំឱ្យនាំ “កញ្ឆា” ចូលក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើមានការបំពានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ទាក់ទងនឹងបញ្ហានេះផងដែរ ត្រូវបានគេហទំព័ររបស់ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល Royal Thai Embassy, Seoul នៃប្រទេសកូរ៉េខាងត្បូងបានបង្ហោះសារថា ព្រមទាំងសេចក្តីប្រកាសព្រមានដល់ប្រជាជនថៃក្នុងការធ្វើដំណើរ ឬរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហាមឃាត់ដាច់ខាតការនាំចូលកញ្ឆា  ឬផលិតផលដែលមានផ្ទុកនូវសារធាតុនេះទៅកាន់ប្រទេស កូរ៉េខាងត្បូង។ បើមិនដូច្នោះទេការបំពានគឺស្ថិតនៅក្រោមការពិន័យក្រោមច្បាប់របស់កូរ៉េខាងត្បូង។

ក្នុងនោះស្ថានទូតប្រចាំការក្នុងប្រទេសកូរ៉េ បានបញ្ជាក់ថាប្រជាជនថៃប្រសិនបើ អ្នកហានល្មើសនឹងច្បាប់នាំចូលកញ្ឆាចូលក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវផ្ដន្ទាទោសទៅតាមកម្រិតនៃបទល្មើស។

១.ការរត់ពន្ធ នឹងត្រូវដាក់ពន្ធនាគារពី ៥ ឆ្នាំ ឬមួយជីវិត។

២.ដាំ ឬលក់ នឹងត្រូវដាក់ពន្ធនាគារយ៉ាងតិច ១ ឆ្នាំ។

៣. កាន់កាប់ ឬប្រើប្រាស់  នឹងត្រូវដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងត្រូវនិរទេស ហើយហាមឃាត់មិនឱ្យចូលកូរ៉េខាងត្បូងម្តងទៀត។

ទោះជាយ៉ាងណាអាជ្ញាធរថៃក៏បានប្រកាសព្រមាន ដាស់តឿនដល់ប្រជាជនដែលធ្វើដំណើរទៅក្រៅប្រទេស សូមពិនិត្យមើលបទប្បញ្ញត្តិ “កញ្ឆា” របស់ប្រទេសដែលជាគោលដៅខ្លួនចង់ទៅ សូមមានការប្រុងប្រយ័ត្នកុំយកកញ្ឆានាំទៅក្រៅប្រទេស ព្រោះអ្នកនឹងទទួលទោសទៅតាមផ្លូវច្បាប់របស់ប្រទេសគេ ដោយសារមានប្រទេសជាច្រើនដែលចាប់ទុកថាកញ្ឆាជារុក្ខជាតិខុសច្បាប់ និងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់៕ ប្រភព៖ Thairath