ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានបញ្ជាក់ថា ក្រុមហ៊ុនលក់រថយន្តនៅក្នុងប្រទេសថៃបានលក់រថយន្តកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឈានចូលឆ្នាំ២០២២នេះ ប៉ុន្តៃក៏មានចម្ងល់ជាច្រើនទាក់ទងនឹងការកើនឡើងនូវចំនួនអ្នកដែលបានមកទិញរថយន្តដ៏ច្រើននេះថា ចាប់ពីជំងឺកូវីដ-១៩រាតត្បាតមក សេដ្ឋកិច្ចក៏មិនសូវល្អ តម្លៃទំនិញឡើងថ្លៃ ជាពិសេសតម្លៃប្រេងសាំងឡើងថ្លៃក្នុងប្រទេស ហេតុអ្វីប្រជាជនសម្រុកនាំគ្នាទៅទិញឡានច្រើនបែបនេះ?

យ៉ាងណាមិញ ការកើនឡើងនៃចំនួនដ៏ច្រើនស្ទើរមិនគួរឱ្យជឿអំពីការលក់រថយន្តរបស់ក្រុមហ៊ុននីមួយៗ នៅក្នុងអំឡុងពេល សេដ្ឋកិច្ចមិនសូវល្អ ព្រមទាំងប្រេងសាំងកំពុងតែឡើងថ្លៃខ្លាំង ស្រាប់តែក្រុមហ៊ុនលក់រថយន្តក្នុងប្រទេសថៃបានបង្ហើបពីស្ថិតិនៃការលក់រថយន្តបានកើនឡើងរហូតទៅដល់ ៣.៥៩ម៉ឺនគ្រឿង ដែលកំណើនចាប់ផ្ដើមស្ទុះពី ខែមករា ឆ្នាំ២០២២មកម្លេះ។ ក្នុងនោះគេបានបញ្ជាក់ថាក្រុមហ៊ុនបានលក់រថយន្ត ប្រភេទរថយន្តលក្ខណៈគ្រួសារ បាន ២០,០៨៤គ្រឿង ​កើនឡើងពីឆ្នាំមុន ២៩ភាគរយ ប្រភេទឡាន​ដឹកទំនិញ ៤៤,៦៥១គ្រឿង កើនឡើង ​១០.៦ភាគរយ ប្រភេទឡានគ្មានរបាំងក្រោយលក់បាន ៣៣,៨២២ គ្រឿង កើនឡើង ៦.៤ភាគរយ និងរថយន្តធ្វើពាណិជ្ជកម្ម២៤៣,០៤៩គ្រឿង កើនឡើង១៥.៥ភាគរយ សរុបក្នុងឆ្នាំនេះលក់បានចំនួនប្រហែងជាង ៣៥៤,៣៥១គ្រឿង។ ដោយស្ថិតិនេះបានមកពីក្រុមហ៊ុននាំមុខទីផ្សារ និងជាម៉ាកល្បីៗនៅក្នុងប្រទេសថៃចំនួន ៣ គឺ Toyota , Isuzu និង Honda ។

ចំនួននៃការលក់នេះបានធ្វើឱ្យមានការងើយឆ្ងល់ជាខ្លាំងក្រោយពីដឹងថាស្ថិតិរបស់ប្រជាជនបានមកធ្វើការទិញរថយន្តជាច្រើន ទើបបណ្ដាលឱ្យមានចម្ងល់ថាសេដ្ឋកិច្ចមិនល្អ និងតម្លៃសាំងកាន់តែឡើងថ្លៃផងនោះ តើប្រជាជនថៃពិតជាមិនមានប្រាក់ក្នុងផ្ទះមែនឬទេ?

យ៉ាងណាមិញក៏មានមហាជនមួយចំនួនធំបានបញ្ចេញមតិឆ្លើយតបទៅវិញថា មិនមែនប្រជាជនទិញឡានបញ្ជាក់ថាពួកគេមានជីវភាពល្អនោះទេ ប៉ុន្តែវាជាតម្រូវការ ចាំបាច់ អ្នកខ្លះមានស្រុក កំណើត ឬផ្ទះឆ្ងាយ ត្រូវការទិញឡានជាចាំបាច់ ព្រោះពេលបច្ចុប្បន្ននេះការរកឡានជិះពិបាក អ្នកខ្លះគេមានឡានស្រាប់តែគេចង់ស្វែងរកឡានដែលស៊ីសាំងតិចជាងមុន ហើយក្នុងពេលបច្ចុប្បន្នតម្រូវការនៃការធ្វើដំណើរក៏កាន់តែច្រើនសម្រាប់ប្រកបរបររកស៊ី រួមផ្សុំជាមួយនឹងសេវានៃការទិញរថយន្តមានភាពងាយស្រួលជាងពេលមុនទាំងការបង់រំលោះទាប និងមានរយៈពេលយូរសម្រាប់ពួកគេ៕ ប្រភព៖ Kapook