ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃដីចំនួន២ទីតាំងដែលមានទំហំ៦១៨៣៦ម៉ែត្រក្រឡា ស្ថិតក្នុង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក ដើម្បីធ្វើអនុបយោគពីទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ នេះបើយោងតាមអនុក្រឹត្យលេខ២៦អនក្រ.បក ចុះកាលពី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

មជ្ឈដ្ឋានទូទៅកំពុងតែទទឹងរង់ចាំ និងចង់ដឹងថា តើនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយក ដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ជាង៦ហិក តាធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ តើករណីបែបនេះជាការទិញបន្តពីប្រជាពលរដ្ឋ ឬពីស្ថាប័នរដ្ឋណាមួយ ឬដោយសារការកាន់កាប់ជាក់ស្តែង ឬដោយសារការដោះដូរដីជាមួយរដ្ឋ ?

ទាក់ទងព័ត៌មានខាងលើនេះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ មិនអាចសុំការអត្ថាធិប្បាយបានទេ។ លោក សេង យូអ៊ាន់ មានឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ទទួ លបានការតែងតាំងមុខតំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយ ព្រះរាជក្រឹត្យលេខ នស/ រកត/ ០៩១៨/ ៩១១៩ ចុះកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នាពេលកន្លងទៅ។

លោក សេង យូអ៊ាន់ ក៍ត្រូវបានផ្ទេរក្របខ័ណ្ឌពី ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកជា ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផ្កាយ៤ ដែលមានអត្តលេខ ៨៩៥៥៥ នាយ នគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០២១៩/ ១៤៧ ចុះកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ៕