មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងស្រី Alia Batt ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងដ៏ល្បី កាំងគូបៃ (Kang kubai) ។ ស្រាប់តែពេលថ្មីៗនេះតារាស្រី កាំងគូបៃ (Kang kubai) នាងបានបង្ហាញពីជីវិតពិតរបស់ខ្លួនទាក់ទងនឹងដំណឹងល្អពីការមានផ្ទៃពោះកូនដំបូងរបស់នាង និងស្វាមីជាតារាសម្ដែងដូចគ្នាលោក Ranbir Kapoor។

តារាស្រី Alia Batt នាងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ បន្ទាប់ពីបានសម្ដែងក្នុងរឿងកាំងគូបៃ (Kang kubai) ដែលទទួលបានការគាំទ្រពីសំណាក់មហាជនអ្នកគាំទ្រជាច្រើន អំពីសមត្ថភាព​ និងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាមួយនឹងរឿងរ៉ាវដ៏កម្សត់ និងជីវិតតស៊ូពីស្ត្រីរកស៊ីផ្លូវភេទ ប្រែក្លាយជាស្ត្រីដែលមានឥទ្ធិពល និងគេគោរពស្ញើបស្ញែងក្នុងសង្គមគ្រប់គ្នា។

ជាមួយគ្នានោះផងដែរតារាស្រីរបស់យើងក្រៅពីបានបង្ហាញខ្លួនក្នុងសិល្បៈ នាងក៏តែងតែបង្ហាញពីជីវិតពិតដើម្បីបង្ហាញជូនមហាជនបានជ្រាបផងដែរ។ ក្នុងនោះនៅរយៈពេលថ្មីៗនេះតារាស្រី Alia Batt នាងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងដំណឹងល្អ ពីការមានផ្ទៃពោះកូនដំបូងរបស់នាងជាមួយនឹងស្វាមីដែលជាតារាសម្ដែងដូចគ្នាលោក Ranbir Kapoor ដោយអ្នកទាំងពីរបានរៀបការជាមួយគ្នា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ ដោយតារាស្រីរបស់យើងបានបង្ហោះដំណឹងដ៏គួរឱ្យត្រេកអរនេះចូលទៅក្នុង Instagram ផ្ទាល់ខ្លួន ព្រមទាំងមានសារភ្ជាប់ជាមួយថា ” កូនរបស់ពួកយើង  នឹងជួ​បគ្នាឆាប់ៗនេះហើយ”។

យ៉ាងណាមិញមហាជនបន្ទាប់ពីបានទទួលដំណឹងថាតារាស្រីរបស់យើងមានផ្ទៃពោះរួចហើយក៏សម្ដែងនូវក្ដីត្រេកអរ និង អបអរសាទរជំនួសអ្នកទាំងពីរ ដែលនឹងបានជួបមុខកូនក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ Khaosod