ភ្នំពេញ៖ នាមុននេះបន្តិចយោងតាមការបង្ហោះរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ បុរសម្នាក់ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណ: មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គួររំលឹកដែលថា  បុរសម្នាក់ត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ខ្លួន បន្ទាប់ពីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការអប់រំណែនាំ របស់សមត្ថកិច្ច ព្រមទាំងដោះខ្សែក្រវ៉ាត់វាយចំសមត្ថកិច្ចបន្ថែមទៀត ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែក​ចំការដូង​ តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានឲ្យដឹងថា បុរសបង្កហេតុមានឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ​ និងយកខ្សែក្រវ៉ាត់វាយមកលេីសមត្ថកិច្ចថែមទៀតផង។